(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ជាមួយមន្ដ្រីនគរបាលនារី នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង១០០នាក់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា «ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១០៦ ឆ្នាំ២០១៧នេះធ្វើឡើង ក្រោមប្រធានបទ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» នាពេលនេះធ្វើឡើងក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាន និងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះផ្សេងៗដោយសន្តិវិធីផងដែរ៕