(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តំណាងដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល និងលោក លី អាន ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតប្រទេសចិន ប្រចាំនៅកម្ពុជា បានចុះហត្ថលេខា នៅលើកំណត់ហេតុប្រជុំនៃការសិក្សាស្រាវជ្រាវ អំពីគម្រោងសាងសង់មជ្ឈមណ្ឌល «ប្រយុទ្ធនឹងជំងឺឆ្លង» ជាអគារស្តង់ដារធំមួយ នៅប្រទេសកម្ពុជា។
ការចុះហត្ថលេខាខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានតំណាងជាសាក្សីចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងប្រតិភូក្រុមជំនាញសិក្សាស្រាវជ្រាវគម្រោងខាងភាគីចិន និងមន្រ្តីក្រសួងសុខាភិបាល ជាច្រើននាក់ទៀត។
លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិអន្តរជាតិនៃក្រសួងសុខាភិបាល បានឲ្យដឹងថា គម្រោងនេះ ជាគម្រោងដើម្បីពង្រឹង កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង នៅប្រទេសកម្ពុជា ដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាលប្រទេសចិន ជួយដល់រាជរដ្ឋាភិបាល កម្ពុជាមកក្រសួងសុខាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបន្ថែមទៀតថា ភាគីចិនបានបញ្ជូនគណៈប្រតិភូជំនាញស្រាវជ្រាវមកសិក្សានៅកម្ពុជាអស់រយៈពេលកន្លះខែមកហើយ ដោយគិតចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី០៨ មីនា ឆ្នាំ២០១៧ លើស្រាវជ្រាវលើគម្រោងនេះ។
លោកបន្តថា ក្នុងការចុះមកស្រាវជ្រាវនេះ ដើម្បីពិនិត្យមើល លទ្ធភាពការសាងសង់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង ជាអាគារធំមួយ ដែលរួមមានទាំងសម្ភារៈ បរិក្ខារ មានផ្នែកមន្ទីរពិសោធន៍ ផ្នែករដ្ឋបាល និងមានផ្នែកសំរាប់ឆ្លើយតបការឆ្លង ជំងឺបន្ទាន់ និងជាមានច្រើនទៀតដែលពាក់ព័ន្ធទៅនឹងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដើម្បីធ្វើយ៉ាងណា ធានាឲ្យមាន
ការទប់ស្កាត់ ការរីករាលដាល ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមឡើង។
សូមបញ្ជាក់ថា នេះគឺជាជោគជ័យថ្មីមួយទៀត នៃជំនួយឥតសំណង់របស់ប្រទេសចិន ចំពោះវិស័យសុខាភិបាល មកដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងវិស័យសុខាភិបាល៕