(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦របស់ខ្លួន និងលើកទិសដៅបន្ត សម្រាប់ការអនុវត្តការងារក្នុងឆ្នាំ២០១៧នេះ។
ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធានសាលាដំបូង លោក លោកស្រី ព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី ថ្នាក់ដឹកនាំនិងបុគ្គលិកលេខាធិការដ្ឋានរដ្ឋបាល សរុបជាង២០០ នាក់ ។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឱ្យដឹងថា សន្និបាតនេះ ត្រូវបានធ្វើឡើងស្របតាមបញ្ញត្តិនៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់សាលាជម្រះក្តី និងក្នុងគោលបំណងដើម្បីបូកសរុបការងារដែលសម្រេចបានក្នុងឆ្នាំ២០១៦ ពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅផែនការឆ្នាំ២០១៧ ។
លោកបានបញ្ជាក់ថា សន្និបាតនេះ បានសម្រេចនូវលទ្ធផលល្អសម្រាប់ជាយន្តការនៃដំណើរការរដ្ឋបាល នីតិវិធីនៃចំណាត់ការរឿងក្តី និងដំណោះស្រាយចំពោះ បញ្ហាប្រឈមដែលជួបប្រទះកន្លង និងដាក់ចេញនូវផែនការសម្រាប់ជំរុញ និងបង្កើននូវគុណភាព ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋជាដើម៕