(ភ្នំពេញ)៖ នៅសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌទាំង១២ និងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបង្ក្រាបគ្រឿងញៀនចំនួន៤៧ករណី ដោយចាប់ខ្លួនជនសង្ស័យចំនួន ព្រមទាំងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក និងប្រភេទកញ្ឆាជាង៤គីឡូក្រាម។ នេះបើយោងតាម ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «នៅសប្តាហ៍នេះ ក្នុងខែមីនា យើងបង្ក្រាបបាន៤៧ករណី ឃាត់ខ្លួន១០៧នាក់ មានស្រី៨នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក សម្រួល និងផ្តក់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនចំនួន៣៦ករណី ឃាត់ខ្លួន៤១នាក់ មានស្រី៥នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១១ករណី ឃាត់ខ្លួន៦៦នាក់ មានស្រី៣នាក់ ដកហូតកញ្ឆា៤០៩២.៩៤ក្រាម»

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់​ចេញ​ផែន​ការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។

ដោយឡែក លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៅ​ទូទាំង​ប្រទេស ចេញបង្ក្រាបបាន ៩២១ករណី ឃាត់ខ្លួន ២,០៥៣ករណី ក្នុងនោះមានស្ត្រី ២១៥នាក់ ក្នុងនោះ ករណីជួញដូរមាន ៥៨២ករណី ឃាត់ខ្លួន ១០២៧នាក់ និងករណីប្រើប្រាស់ ៣៣៨ករណី ឃាត់ខ្លួន ១,០២៦នាក់។ ប្រតិបត្តិការបង្ក្រាប​ពេញមួយ​ខែកុម្ភៈ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ៧ ២៥១.២៨ក្រោម និងកញ្ឆា ៩៧,៤៧៨ដើម ដកហូតរថយន្ត ១៥គ្រឿង ម៉ូតូ​២០៨គ្រឿង ទូរស័ព្ទដៃ ៦៣៩គ្រឿង៕