(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងរណបជ្រោយចង្វារ ពីសាលារាជធានីភ្នំពេញ នៅឆ្នាំ២០១១រួចមក រហូតដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើបមួយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន ជាមួយ​នឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋបញ្ចប់ស្ទើរទាំងស្រុង។

បើតាមការបញ្ជាក់របស់ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឲ្យដឹងថា ក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និត ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់នានា និងបានរៀបចំប្លង់គោលអភិវឌ្ឍន៍ និងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធជាបន្តបន្ទាប់ ដែលបង្ហាញពីភាពខុសប្លែក និងអភិវឌ្ឍន៍នៅតំបន់ ដ៏មានសក្តានុពលមួយនេះ។

លោកអគ្គនាយករង បានលើកឡើង ពីសមិទ្ធិផល និងលទ្ធផលនានា ដែលសម្រេចបានរួមមាន៖

១- ស្ថាបនាផ្លូវក្រវ៉ាត់ ជុំវិញតំបន់អភិវឌ្ឍន៍ ដែលមានគម្លាត១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ មានទទឹង១៥ម៉ែត្រ សម្រេចបានប្រមាណ៨០%។

២- សាងសង់ផ្លូវមេ ពុះចំកណ្តាលតំបន់អភិវឌ្ឍន៍ មានទទឹង៣០ម៉ែត្រ ដែលមានប្រវែង៥២៥៨ម៉ែត្រ សម្រេចបាន១០០%។

៣- អនុវត្តន៍គោលការណ៍ ឃ្វៀលដីភូមិចាស់ទាំង៣សង្កាត់ ចេញពីគម្រោងអភិវឌ្ឍន៍ទំហំ១០២.២ហិកតា ស្នើនឹង៤០៤គ្រួសារ ដែលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយាដី ​បានវាស់វែងរួចរាល់ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅពេលដ៏ខ្លីខាងមុខ។

៤- បន្ទាប់ពីកាត់ដីភូមិចាស់ ចេញពីគម្រោងអភិវឌ្ឍន៍ ចំណែកដីដែលនៅសេសសល់ចំនួន ២៨៤.៨ហិកតា គឺបានធ្វើប័ណ្ណកម្មសិទ្ធិ ចំនួន៣ប័ណ្ណ របស់សាលារាជធានីភ្នំពេញរួចហើយ ក្នុងនោះរួមមាន៖

* សង្កាត់ជ្រោយចង្វារ ទំហំ១២៦.១៨ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១១៨)

* សង្កាត់ព្រែកតាសេក ទំហំ៣៥.៦៨ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១១៩)

* សង្កាត់ព្រែកលៀប ទំហំ១២៣ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១២០)

៥- បានដោះស្រាយគោលនយោបាយរួចរាល់ សម្រាប់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់រួមមាន ចំនួន១៤២ហិកតា ស្មើរនឹង៣៥៣គ្រួសារ (៣៨.៥%)

* ដោះស្រាយគោលនយោបាយ ជាថវិកាបាន ១៤៧គ្រួសារ

* ដោះស្រាយប្តូរយកជាផ្ទះ និងតូបផ្សារ នៅក្នុងបុរីរុងរឿង បាន១៥២គ្រួសារ

* ដោះស្រាយទទួលយកគោលនយោបាយ១០% នៃទំហំដីបាន៤១គ្រួសារ

* ដោះស្រាយច្រកចូលលេខ០៨ បាន១៣គ្រួសារ។

៦- បានឃ្វៀលដីប្រជាពលរដ្ឋ ក្រោយផ្សារព្រែកលៀប៣.៨ហិកតា ស្មើនឹង៣១គ្រួសារ

៧- ដោយឡែកសម្រាប់ម្ចាស់ដីក្រៅមូលដ្ឋាន ដែលមានទាន់បានទទួលយក នៅគោលនយោបាយ ១០% មានចំនួន១២៣ហិកតា ស្មើនឹង១២៦គ្រួសារ ហើយត្រូវបានសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងមួយ ឲ្យពួកគាត់ប្រញាប់ទទួលយកនូវរបបគោលនយោបាយទាំងនេះ ដោយទុករយៈពេល១ខែ ប្រសិនបើមិនមកទទួលយកទេ ស្មើនឹងបោះបង់ចោល។

លោក ទូច សំណាង បានបញ្ជាក់ថា សរុបជារួមប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយរួចរាល់មានចំនួន ៧៩១គ្រួសារ ស្មើនឹង៨៦.៣% នៅលើផ្ទៃសរុបទំហំ ២៦៤ហិកតា ខណៈដែលប្រជាពលរដ្ឋភាគច្រើន នៅក្រៅមូលដ្ឋាន ដែលមិនទាន់បានទទួលយក មានចំនួន១២៩គ្រួសារ ស្មើនឹង១៣.៧% លើទំហំដី១២៣ហិកតា។

ជាមួយគ្នានេះដែរ លោកអគ្គនាយករងរូប​នេះ ក៏បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនប្រកាន់យកនូវគោលការណ៍ស្មោះត្រង់ និងរក្សានូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលបាន ការរីកចម្រើន និងការអភិវឌ្ឍនូវតំបន់ទីក្រុងរណបជ្រោយចង្វារនេះ។

ដោយឡែកសម្រាប់ការងារ ចុះឃ្វៀលដី ដីភូមិចាស់ចេញពីគម្រោងអភិវឌ្ឍន៍ជ្រោយចង្ងារ លោក កាយ សុខហៃ ប្រធានការិយាល័យភូមិបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា មន្ត្រីជំនាញសូរិយោដីខណ្ឌ បានធ្វើការចុះវាស់វែង ឃ្វៀលដីជូនប្រជាពលរដ្ឋ ទាំង៣សង្កាត់រួចរាល់អស់ហើយ ដោយរង់ចាំតែការធ្វើការវិនិច្ច័យ បិទប្រកាស ផ្តល់ជូនប័ណ្ណកម្មសិទ្ធិនៅពេលខាងមុខដ៏ខ្លីប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ចំពោះការចុះវាស់វែង ឃ្វៀលដីចេញនេះ ប្រជាពលរដ្ឋបានសម្តែង នូវក្តីសោមនស្សរីករាយ ដែលទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ និងទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ថែមទៀតផង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលទទួលនូវគោលនយោបាយដោះដូរ ផ្ទះមករស់នៅក្នុងបុរីរុងរឿង បានសម្តែងនូវក្តីសប្បាយរីករាយ ដោយបានផ្លាស់ប្តូរជីវិតគ្រួសារ ពីភាពលំបាកមក ជាងាយស្រួលរស់នៅ ទាំងសន្តិសុខសុវត្ថិភាព រួមទាំងផ្លូវថ្នល់ ទឹកភ្លើង ងាយស្រួលទៀតផង។

អ្នកស្រី វ៉ា នាង អាយុ៥៣ឆ្នាំ ដែលទទួលយកការដោះដូរផ្ទះ១ល្វែង នៅបុរីរុងរឿង បានសម្តែងនូវក្តីរំភើបរីករាយ ទប់ទឹកភ្នែកមិនជាប់ ដោយមិននឹកស្មានថាខ្លួនឯង មានផ្ទះរស់នៅបានស្រួល និងអាចប្រកបរបលក់ដូរ ចិញ្ចឹមជីវិត ជួយជីវភាពគ្រួសារបានធូរធា ដូចពេលនេះឡើយក៏ ព្រោះតែពីមុនអ្នកស្រីរស់នៅ ផ្ទះតូចមួយលិចទឹក គ្មានផ្លូវដើរស្រួលបួលផងនោះ។

សម្រាប់អ្នកស្រី លឹម អាន ក៏មិនខុសពីគ្នាប៉ុន្មានពីអ្នកស្រី វ៉ា នាង ឡើយ ដោយគាត់មានការត្រេកអរយ៉ាងខ្លាំង ចំពោះការបានមករស់នៅ ក្នុងតំបន់អភវិឌ្ឍន៍ជ្រោយចង្វារ ធ្វើឲ្យគ្រួសាររប​ស់គាត់ មានភាពសុខសាន្ត មិនខ្វាយខ្វល់ពីបញ្ហាសន្តិសុខឡើយ។

ជាមួយគ្នានេះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែទទួលបាន ការយកចិត្តទុកដាក់ពីក្រុមហ៊ុន OCIC ជាប្រចាំតាមរយៈការផ្តល់នូវ អំណោយរាល់ពេលបុណ្យទាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ជាពិសេសអគ្គនាយកក្រុមហ៊ុន OCIC លោកឧញ៉ា ពង់ ឃាវសែ ដែលតែងតែផ្តល់ភាពកក់ក្តៅជូនពួកគាត់ និងជួយឲ្យពួកគាត់មានជីវភាពធូរធា និងការស់នៅល្អ៕

សូមទស្សនាវីដេអូនៃការលើកឡើង របស់មន្ត្រីនិងប្រជាពលរដ្ឋ៖

ខាងក្រោមនេះជារូបភាពប្រជាពលរដ្ឋ ដែលបានជ្រើសយកគោលនយោបាយ ដោះដូរផ្ទះមករស់នៅក្នុងបុរីរុងរឿង