(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប តំណាងឲ្យភាគីកម្ពុជា និងលោកស្រី កូឡឺរី អ៊ីសាបែល សមាជិកក្រុមប្រឹក្សាខេត្តអូដឹសែន ទទួលបន្ទុកទំនាក់ទំនង និងសហប្រតិបត្តិការអន្តជាតិ និងកិច្ចការអឺរ៉ុប បានពិភាក្សាការងារជាមួយគ្នា លើកិច្ចព្រមព្រៀងសេចក្ដីសហប្រតិបត្តការវិមជ្ឍការឆ្នាំ ២០១៣-២០១៧ លើការអភិវឌ្ឍវិស័យកសិកម្មជនបទជូនប្រជាពលរដ្ខ ក្នុងក្រុង ស្រុក គោដៅចំនួន៥។
ការពិភាក្សា និងចុះហត្ថលេខានេះបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាពិគ្រោះយោបល់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ វិមជ្ឍការរវាងខេត្តសៀមរាប ជាមួយខេត្តអូដឺសែននៃសារធារណរដ្ឋបារាំងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប។
កម្មវិធីខាងលើនេះក៏មានវត្តមានចូលរួម របស់អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងអស់លោក លោកស្រី ជាសហការរី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុង ស្រុក គោលដៅចូលរួមផងដែរ។
ក្នុងឱកាសនោះលោកបណ្ឌិត ឃឹម ប៊ុនស៊ុង បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ក្នុងនាមមិត្តភាពនៅលើ ទឹកដីប្រវត្តសាស្រ្តខេត្តសៀមរាបនាពេលនេះ ធ្វើឲ្យប្រទេស និងខេត្តយើងទាំងពីរ កាន់តែមានការទំនាក់ទំនងសហប្រតិបត្តិការល្អនិងគ្នា។
លោក ឃឹម ប៊ុនស៊ុង ក៏បានថ្លែងអំណរគុណ ដល់ររដ្ឋាភិបាលបារាំង ដែលតែងជួយឧបត្ថម្ភគាំទ្រការអភិវឌ្ឍ លើគ្របវិស័យនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសេចក្ដីសហប្រតិបត្តិការវិមជ្ឍការឆ្នាំ២០១៣-២០១៧ លើការអភិវឌ្ឍវិស័យកសិកម្មជនបទ ជូនប្រជាពលរដ្ខ ក្នុងក្រុង-ស្រុក គោដៅចំនួន៥។
លោកបណ្ឌិត ក៏បានលើកឡើងអំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណរួម ទាំងហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍ របស់ខេត្ត ដោយខេត្តសៀមរាប មានវិស័យស្នូលពីរដ៏សំខាន់ គឺវិស័យទេសចរណ៍ និងកសិកម្ម ដោយមានប្រជាពលរដ្ឋប្រមាណ៨០%ជាប្រជាកសិករ និងនេសាទ។ លោកក៏បានលើកឡើង ពីសក្ដានុពលរបស់ខេត្តដែលសំបូរទៅដៅយរមណីយដ្ឋានវប្បធម៌ និងធម្មជាតិ។
ជាមួយគ្នានោះលោកស្រី កូឡឺរី អ៊ីសាបែល បានបញ្ជាក់ថា កិច្ចទនាក់ទំនងសហប្រតិបត្តិការ រវាងខេត្តយើងទាំងពីរមានការ រីកចំរើនទ្វេរឡើង លើវិស័យកិសិកម្ម សំខាន់ដោយមានការចូលរួមដោយអង្គការចំនួនពីរ គឺអង្គការអាគ្រីស៊ុត និងអង្គការហ្គ្រេត បានកំពុងធ្វើសកម្មភាព នៅស្រុកគោលដៅទាំង៥ របស់ខេត្តសៀមរាបក្នុងការលើកកំពស់កែលម្អប្រាក់ចំណូលលក្ខខណ្ឌរស់នៅ របស់កសិករតាមរយការបង្កើនផលិតកម្មកសិកម្មចំរុះ និងគាំទ្រការបង្កើន និងពង្រឹងសមត្ថិភាពអ្នកផលិត ដូចជា ការដាំដុះដោយលក្ខណៈធម្មជាតិមិនប្រើប្រាស់ជីរឺថ្នាំគីមី គឺប្រើប្រាស់ជីធម្មជាតិ និងថ្នាំសម្លាប់សត្វល្អិត ដោយផ្សំពីដើមរុក្ខជាតិ និងលាមកសត្វជាដើម ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានឡើយ។
លោកស្រី បានបន្តទៀតថា គោលដៅចំបង នៃកិច្ចសហប្រតិបត្តិការនេះ គឺធ្វើការពន្យល់ណែនាំ ដល់ប្រជាកសិករ អំពីបច្ចេកទេសកសិកម្ម ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ដោយធ្វើការពង្រឹងកិច្ចអភិវឌ្ឍវិស័យកសិកម្ម ដែលជាសញ្ញាមួយសម្រាប់ប្រជាកសិករ ក្នុងការដាំដុះផលដំណាំដោយមិនប្រើជីគីមីឡើយ។
កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យប្រជាកសិករក្នុងខេត្តសៀមរាប កែប្រែពីការប្រើជីគីមីទៅប្រើប្រាស់ជីធម្មជាតិ ប្រកបដោយ ភាពជោគជ័យក្នុងកិច្ចប្រឹងប្រែរវាងសៀមរាប និងអូដឺសែន៕