(មណ្ឌលគិរី)៖ វិនិយោគិនក្នុងស្រុកមួយ បានចំណាយទុនវិនិយោគបង្កើតផ្សារថ្មីស្រឡាង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានទំហំជិត៣ពាន់ម៉ែត្រការ៉េ ចែកជា១៥០ទៅ១៦០តូប សម្រាប់បម្រើដល់ការចរាចរណ៍ផលិតផល ក្នុងខេត្ត និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាមួយគ្នានេះអភិបាលមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានសំណូមពរដល់ដៃគូរវិនិយោគទុននេះ ធ្វើការសាងសង់ប្រកបដោយបច្ចេកទេសស្តង់ដារ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ម៉្យាងវិញទៀត ត្រូវចូលរួមធ្វើការសហការ ឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរក្រុង សង្កាត់ពាក់ព័ន្ធទៅផ្លូវច្បាប់។
វិនិយោគិនរូបនេះ គឺលោក លីម ប៉េងឃុន និងលោកស្រី ម៉ុន ស៊ាងហួត ដែលលោកជាអាជីវករម្នាក់នៅមណ្ឌលគិរីដែរ។ លោក លីម ប៉េងឃុន បានសម្រេចដាក់ទុនវិនិយោគសាងសង់ផ្សារមួយកន្លែង កណ្តាលក្រុងសែនមនោរម្យនេះ ដែលសាងសង់ឡើងទៅតាមបច្ចេកទេសស្តង់ដា មានទីធ្លាធំទូលាយ អាចចែកចេញជាតូបពី ១៥០ទៅ១៦០តូប មានបន្ទប់ស្នាក់នៅសងខាងបរិវេណផ្សារជាច្រើនបន្ទប់ផងដែរ ដើម្បីបំពេញតម្រូវការរបស់អាជីវករ មានទីធ្លាខាងមុខផ្សារធំទូលាយ រហូតទៅដល់ ជិត៣០០០ម៉ែត្រការ៉េ។
លោក លីម ប៉េងឃុន បានប្រាប់ឲ្យដឹងថា តូបលក់ និងបន្ទប់សម្រាប់ស្នាក់នៅរបស់លោក គឺជួលក្នុងតម្លៃសមរម្យបំផុត ដោយធ្វើកិច្ចសន្យាក្នុងលក្ខខណ្ឌកុងត្រា ចំនួន៥ឆ្នាំម្តង។
ជាមួយគ្នានេះ លោក លីម ប៉េងឃុន បានបន្តថា លោកនិងភរិយាបានផ្តល់ឱកាស ជួយសម្រួលដល់បងប្អូនទាំងអស់ រួមទាំងជាតិភាគតិចភ្នង មានបំណងចង់មកលក់ដូរនៅទីនេះ គឺមិនចាំបាច់ធ្វើការជួលប្រចាំខែនោះឡើយ គឺស្រេចតែចិត្តបងប្អូនចង់បង់ជាប្រចាំថ្ងៃ ដោយតម្លៃតិចតួចបំផុតដែលអាចទទួលយកបាន។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ថ្នាក់ដឹកនាំខេត្តនៅតែស្វាគមន៍ជានិច្ចរាល់បណ្តាដៃគូអភិវឌ្ឍន៍វិយោគនានា ទាំងវិស័យឯកជន និងវិស័យរដ្ឋ លើទឹកដីមួយនេះ ដើម្បីជាការរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។
សូមជម្រាបថា បរិវេណក្នុងផ្សារក្រុងសែនមនោរម្យ សព្វថ្ងៃមានទីធ្លាតូចចង្អៀត មិនបានសាងសង់តាមបច្ចេកទេសកម្រិតស្តង់ដា នៅឡើយទេ នៅរដូវវស្សាមកដល់ម្តងៗ ពោរពេញដោយភក់ល្បាប់។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានជំរុញសេវាកម្មមួយនេះ ឲ្យដើរទៅមុខប្រកបដោយភាពរលូន និងទទួលជោគជ័យ ចំណែកឯខាងផ្លូវច្បាប់សាលាក្រុង នឹងធ្វើការណែនាំដល់ម្ចាស់ផ្សារ ឲ្យអនុវត្តទៅតាមសៀវភៅបន្ទុកប្រយោជន៍ ជៀសវាងនូវការប៉ះពាល់សតិអារម្មណ៍ដល់អាជីវករ៕