(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ នៅផ្សារស្វាយដូនកែវ ក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន និងផ្សារអ៊ីផា (ផ្សារតូចបាកាន) ភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ព្រមទាំងការស្រាវជ្រាវនូវផលិតផលអាហារសំរាប់ទារក និងកុមារតូច PC Organic Brand ដែលមានសក្តានុពលអំណោយផល ដល់ការលូតលាស់បាក់តេរី Clostridum Botulimum ក្នុងផលិតផលនៅតាមផ្ទះលក់អាហារបំប៉នទារក និងកុមារមួយចំនួន ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារ បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារមួយចំនួន(ពុំមានរកឃើញសារធាតុគីមីហាមឃាត់ឡើយ) និងបានស្រាវជ្រាវផលិតផលអាហារសំរាប់ទារក និងកុមារតូច PC Organic Brand ដែលមានសក្តានុពលអំណោយផលដល់ការលូតលាស់បាក់តេរី Clostridum Botulimum ក្នុងផលិតផល តែមិនមានចរាចរនៅផ្សារខាងលើនោះទេ។
ជាមួយគ្នានេះ ក្រុមការងារបានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទប្រើប្រាស់ចំនួនផងដែរ រួចយកមករក្សាទុក នៅសាខាកាំកុងត្រូលខេត្តដើម្បីកំទេចចោលតាមនីតិវិធីច្បាប់។
ដោយឡែកនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ ដែលតាំងលក់នៅស្តង់ពិព័រណ៍ ផ្សព្វផ្សាយផលិតផល កម្ពុជា-អន្តរជាតិ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផល ពុំឃើញមានសារធាតុគីមីហាមឃាត់ណាមួយនៅលើផលិតផលនោះទេ៕