Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនផ្តល់ជំនួយជាង ១៦ម៉ឺនដុល្លារ ជួយអភិវឌ្ឍន៍វិស័យកសិកម្ម និងផលិតទឹកស្អាត តាមទីជនបទនៅកម្ពុជា

07-03-2017 14:37

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ១៦ម៉ឺនដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មតាមសហគមន៍ និងផលិតទឹកស្អាត នៅតាមទីជនបទក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតជប៉ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចដើម្បីសន្តិសុខមនុស្សជាតិ របស់រដ្ឋាភិបាលជប៉ុន ដែលហៅថា ជំនួយគូសាណូណិនេះ នឹងអភិវឌ្ឍន៍លើគម្រោងចំនួនពីររួមមាន៖

១៖ ថវិកា ៨២,៩៦០ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងសហគមន៍កសិកម្ម ក្នុងស្រុកត្បែងមានជ័យ និងស្រុកគូលេន ខេត្តព្រះវិហារ។ អង្គភាពទទួលជំនួយនេះ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។

២៖ ថវិកាចំនួន ៧៧,៨៤០ដុល្លារអាមេរិក សម្រាប់សាងសង់កន្លែងសម្រាប់ផលិតទឹកស្អាត ក្នុងឃុំចំនួន៦ ខេត្តតាកែរ។ អង្គភាពទទួលជំនួយ គឺទឹកស្អាត១០០១។

ស្ថានទូតជប៉ុន បានឲ្យដឹងដែរថា កិច្ចសន្យាផ្តល់ជំនួយនេះ នឹងត្រូវចុះហត្ថលេខា ដោយ លោក ហូរីណូអ៊ុនជិ ហ៊ីដេហ៉ីសា ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន និងតំណាងអង្គភាពទទួលជំនួយទាំង២។ ពិធីចុះហត្ថលេខានឹងធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខេមីនា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន៕