(ក្រចេះ)៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានទទួលគម្រោងថ្មីពីទីភ្នាក់ងារអង្គការ Swiss Contact និង INBAS របស់ប្រទេសស្វីស សម្រាប់ការអភិវឌ្ឍន៍លើជំនាញបណ្តុះបណ្តាលបច្ចេកទេស ដល់យុវជន-យុវនារី ដើម្បីឆ្លើយតបនឹងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន។

គម្រោងកម្មវិធីអភិវឌ្ឍរបស់ប្រទេសស្វីសនេះ គឺបានធ្វើសិក្ខាសាលាប្រជុំផ្សព្វផ្សាយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងសណ្ឋាគារ ហ៊​រប៊ុន្នី ក្រុងក្រចេះ ដោយមានការចូលរួមពី លោក ជាក់ ម៉េងហៀង អភិបាលរងខេត្តក្រចេះ និងលោកស្រី រ៉ាហ៊ែល ប៊ូស ប្រធានទីភ្នាក់ងារអង្គការ Swiss Contact សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ។

លោកស្រី រ៉ាហ៊ែល ប៊ួស បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសស្វីស រីករាយក្នុងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាការងារ និងអភិវឌ្ឍន៍ជំនាញដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តដាច់ស្រយាល ក្នុងប្រទេសកម្ពុជា។

លោកស្រីបានបន្តថា កម្មវិធីអភិវឌ្ឍជំនាញ គឺមានគោលបំណងជួយបង្កើនប្រាក់ចំណូល និងឱកាសស្វែងរកការងារដល់ជនងាយរងគ្រោះទាំងពីរភេទ នៅតាមបណ្តាខេត្តទាំង៣ រួមមាន ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។

កម្មវិធីអភិវឌ្ឍជំនាញនេះ គឺចូលរូមចំណែកបង្កើតនៅប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតមនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន។

លោក ជាក់ ម៉េងហ៊ាង បានឲ្យដឹងថា លោកមានការសប្បាយចិត្ត ដែលខេត្តក្រចេះ ត្រូវបានជ្រើសចូលក្នុងកម្មវិធីអភិវឌ្ឍជំនាញរបស់ប្រទេសស្វីស ដែលជាខេត្តដាច់ស្រយាលផងដែរ។ សម្រាប់ខេត្តក្រចេះ គឺមានបញ្ហាប្រឈមមួយចំនួនមាន ដូចជា លទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស គឺមិនទាន់ឆ្លើយតបទាំងស្រុង ទៅនឹងត្រូវការទីផ្សារការងារ ហើយសេដ្ឋកិច្ឋទៀតសោត គឺមិនទាន់មានការរីកចម្រើនលូតលាស់នៅឡើយ។

លោក ជាក់ ម៉េងហ៊ាង បានបន្តថា ខេត្តក្រចេះ នៅខ្វះធន់ធានមនុស្ស ប្រជាពលរដ្ឋបានធ្វើចំណាកស្រុកទៅទីក្រុង ឬប្រទេសជិតខាង ដូច្នេះសម្រាប់ខេត្តក្រចេះ ដែលបានជ្រើសចូលក្នុងគម្រោងគោលដៅអភិវឌ្ឍរបស់ប្រទេសស្វីស ពិតជាបានរួមចំណែកមួយកម្រិត ជាមួយរដ្ឋបាលខេត្ត ក្នុងការស្វែងរកទីផ្សាការងារ ដល់ប្រជាពលរដ្ឋទាំងពីរភេទ ដែលជួបការលំបាក៕