(ភ្នំពេញ)៖ ផលិតកម្ម Red Picture បានបញ្ចេញខ្សែភាពយន្ត ជាស្នាដៃទី៤របស់ខ្លួន មួយរឿងទៀតហើយ ដោយបានធ្វើការបើកសម្ពោធ ដាក់បញ្ចាំងជាផ្លូវការ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅផ្សារទំនើប ស្ទឹងមានជ័យ ខណៈដែលផលិតរក្នុងរឿងនេះ បានដាក់ក្ដីសង្ឃឹម យ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ដូចការរំពឹងទុក ទោះបីជាភាពយន្តខ្នាតធំនេះ ចាយទុនផលិតអស់មិនដល់៤ម៉ឺនដុល្លារអាមេរិកក្ដី។
លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម Red Picture និងជាផលិតករវ័យក្មេង បានថ្លែងអះអាងប្រកប ដោយភាពជឿជាក់ថា ខ្សែភាពយន្តខ្នាតធំ នាដើមឆ្នាំ២០១៧ រឿង «ផ្ទះសសរកណ្តាល» ដែលត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការចាក់បញ្ចាំងនៅរោងកុន Lgend នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ជាក់ជាមិនខាន ដ្បិតរឿងមួយនេះ បានសម្រិតសម្រាំង ទាំងបច្ចេកទេសថត ការកាត់ត ជាពិសេស សាច់រឿងទាំងមូល គឺពោរពេញទៅដោយភាពទាក់ទាញបំផុត ដែលមានគុណភាពមិនចាញ់រឿង របស់បរទេសនោះឡើយ។
លោក ឌៀប សុវណ្ណតារា បានថ្លែងថា រឿងនេះ ប្រើទុនផលិតអស់ប្រមាណជាជាង៣ម៉ឺន ដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែសាច់រឿង ក៏ដូចជាតារាសម្ដែង ក្នុងរឿងទាំងអស់ សុទ្ធសឹងតែជាតារាមានឈ្មោះល្បី និងពោរពេញដោយទេពកោសល្យខ្ពស់។ យ៉ាងណាមិញ អ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយ ពីស្នាដៃផលិត របស់ផលិតកម្ម Red Picture ហើយតួលេខនៃចំនួនចំណាយ ត្រូវបានបង្ហើបប្រាប់យ៉ាងពិតប្រាកដ ពោលគឺមិនបានបំប៉ោងខ្ពង់ចំណាយ ដូចផលិតកម្មផ្សេងៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬទាក់ទាញទីផ្សារនោះទេ។
លោកបន្តទៀតថា រឿងខ្មែរ ដែលផលិតកាលពីពេលកន្លងទៅ គឺចំណាយអស់យ៉ាងច្រើន មិនលើសពី៤ម៉ឺនដុល្លារទេ ប៉ុន្តែដោយសារតែម្ចាស់ផលិតករ ចង់អួតពីខ្ទង់ចំណាយរបស់របស់ ទើបបង្កើនតួលេខ។ ដោយឡែកសម្រាប់រូបលោកផ្ទាល់ មិនចេះអួតដូចគេនោះឡើយ សំខាន់គឺសាច់រឿងដែលផលិតបានជាស្ថាពរ និងចាក់បញ្ចាំងមានការគាំទ្រច្រើន។
កាលពីពេលកន្លងទៅនេះ ផលិតកម្ម Red Picture ត្រូវបានសាទរ និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងច្រើន តាមរយៈនៃការផលិតខ្សែភាពយន្តល្បីៗ មួយចំនួនដូចជា រឿង «ភូមិអត់មនុស្ស,ទង់ព្រលឹង» និងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ខណៈដែលរឿង «ផ្ទះសសរកណ្តាល» គឺជារឿងទី៤ របស់ផលិតកម្ម។
សូមបញ្ជាក់ថា រឿង «ផ្ទះសសរកណ្តាល» គឺជាប្រភេទរឿងបែបអភិនីហារ ព្រឺព្រួច ដែលពោរពេញទៅដោយ ឈុតឆាកភ័យរន្ធត់ លាយនឹងសំណើច ក្រោមការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនរូប មានដូចជា នាយគ្រឿន, នាយ ពាក់មី, នាយ ពាង , នាយក្រូច, ប៊ីអាយជី , ឌីជេ ក្តឹប , នាយក្រឹប, កញ្ញា សាត រស្មី, កញ្ញា សូ លីហ្សា និងតារាកិត្តិយសជាច្រើនាក់ទៀត៕