(កំពត)៖ ថ្នាក់ដឹកនាំខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងផែនការជាច្រើនរូបបានរួមគ្នា បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិ ខេត្តកំពត ឆ្នាំ២០១៥ ជាផ្លូវការ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។

នៅក្នុងសិក្ខាសាលាខាងលើនេះ លោក រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៥នេះ បានបន្តយុទ្ធសាស្រ្តចតុកោណជំហានទី៣ ផ្នែកមួយនៃយុទ្ធសាស្រ្តចតុកោណ គឺបង្កើនកំណើនសេដ្ឋកិច្ច។

លោកបានបន្តថា ក្នុង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចជាតិ កម្ពុជាមានកមណើនជាមធ្យម ៧.៧% ដែលជាកមណើនខ្ពស់ ក្នុងបណ្តាប្រទេសក្នុងតំបន់ ហើយត្រូវបានដៃគូអភិវឌ្ឍន៍ កោតសរសើរ ជាពិសេសក្នុងឆ្នាំ២០១៦កន្លងទៅនេះ ធនាគារអភិវឌ្ឍអាស៊ី(ADB) បានវាយតម្លៃថាកម្ពុជាពិតជាខ្លាំងនៅអាស៉ី។

ជាមួយគ្នានោះដែរ លោក ជឹង ផល្លា អភិបាលរងខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា តាមរយៈលទ្ធផលនៃការគណនា ផលិតផលក្នុងស្រុកសរុប(GSDP)របស់ខេត្ត ដែលបានចងក្រងដោយនាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានបង្ហាញឲ្យឃើញថា អត្រាកំនើនរៀងរាល់ឆ្នាំ (៦.៦% នៅឆ្នាំ២០១៥ ធៀបនឹងឆ្នាំ២០១៦) ហើយចំណូលជាមធ្យមប្រជាពលរដ្ឋម្នាក់ រកបាន១១២២ដុល្លារ ក្នុងឆ្នាំ២០១៥។

យោងតាមរបាយការណ៍របស់ក្រសួងផែនការ បានបង្ហាញឲ្យឃើញថា ខេត្តកំពតមានទំហំសេដ្ឋកិច្ច ៣,០០២,១៤៦ លានរៀល គិតជាដុល្លារ ៧៤៦លានដុល្លារសហរដ្ឋអាមេរិក ដែលមានទំហំសេដ្ឋកិច្ចស្មើនឹង៤.១% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចមានកំណើន ៦.៦% និងចំណូលសម្រាប់ម្នាក់ៗ ១,១២២ដុល្លារអាមេរិក នៅឆ្នាំ២០១៥។

លទ្ធផលខាងលើនេះ បង្ហាញឲ្យឃើញថា ខេត្តកំពតមានចំណូលសេដ្ឋកិច្ច ប្រហាក់ប្រហែលថ្នាក់ជាតិ ដែលមានត្រឹម១,១២៨ដុល្លារអាមេរិក៕