(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានចាប់ផ្តើមយន្តការថ្មីមួយទៀតគឺការសិក្សាតាម Online ក្រោមកម្មវិធី FSI Connect ហើយនៅ​ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ មានមន្ដ្រីធនាគារចំនួន៧៤រូបបានចូលរួមប្រឡលវគ្គNBC- FSI Connect លើកទី ១២ ដោយមានការត្រួតពិនិត្រផ្ទាល់ពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

វគ្គសិក្សា NBC – FSI Connect នេះបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ និងបើកវគ្គជំនាន់ទី ២ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកការប្រឡងថ្ងៃនេះ មានមន្ដ្រីមកពីកំរិតមធ្យម (៤រូប) កំរិតបឋម ជំនាន់ទី១ (៥២រូប)  និងកំរិតបឋមជំនាន់ទី២ (១៨រូប)   ។

សូមបញ្ជាក់ថា កម្មវិធីសិក្សា FSI Connect នេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ (FSI) នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ដែលបច្ចុប្បន្នធនាគារកណ្តាលជាង ១០០ នៅលើពិភពលោក បានទិញសិទ្ធិចុះឈ្មោះចូលរៀនជូនមន្ត្រីខ្លួនក្នុងការសិក្សាលើឯកទេសកម្មត្រួតពិនិត្យធនាគារ ក្នុងនោះមន្ត្រី ធនាគារជាតិនៃ កម្ពុជា មានចំនួន ២៣៧ រូបផងដែរ៕