(ភ្នំពេញ)៖ បន្ទាប់ពីបើកដំណើរផលិតស្រាបៀរនៅកម្ពុជារយៈពេលប្រមាណ ២០ឆ្នាំ ការផលិតស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានកើនឡើងខ្ពស់ ពោលបានកើនឡើងពីប្រមាណ ៨០លានលីត្រក្នុងមួយឆ្នាំ រហូតដល់ ៣០០លានលីត្រក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន។ តាមរយៈដំណើរការផលិតស្រាបៀរនេះ ក្រុមហ៊ុន CBL បានបង់ពន្ធជូនរដ្ឋចំនួន ១០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ដែលជាការរួមចំណែកជួយដោះស្រាយការចំណាយរបស់រដ្ឋ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រ ដែលទើបពង្រីកថ្មីលើផ្ទៃដីជាច្រើនហិកតាក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ្រ្វេង អូស្មាន ប្រធានក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន CBL បានចាប់ផ្តើមបើកដំណើរការរោងចក្រផលិតស្រាបៀរដំបូងនៅឆ្នាំ១៩៩៤ ជាមួយទុនវិនិយោគជាង ៥០លានដុល្លារអាមេរិក។ មកដល់បច្ចុប្បន្នក្រុមហ៊ុនបានដាក់ទុនវិនិយោគបន្ថែមប្រមាណ ១០០លានដុល្លារ ដើម្បីពង្រីករោងចក្រ ព្រមទាំងទទួលបានសិទ្ធិផលិតស្រាបៀរ Heineken នៅកម្ពុជាផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបង្កើនសមត្ថភាពផលិតពីប្រមាណ ៨០លានលីត្រក្នុងមួយឆ្នាំ ទៅ ៣០០លានលីត្រក្នុងមួយឆ្នាំ ដែលស្មើនិងប្រមាណ ១០ម៉ឺនកេសក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក ហ្រ្វេង អូស្មាន។
លោក ហ្វ្រេង អូស្មាន បានឲ្យដឹងដែរថា តាមរយៈចង្វាក់ផលិតកម្មផលិតស្រាបៀរនេះ ក្រុមហ៊ុន CBL បានផ្តល់ការងារជូនប្រជាពលរដ្ឋ កម្ពុជាដោយផ្ទាល់ជិត ៥០០នាក់ និងដោយប្រយោលប្រមាណ ១០០០នាក់។ ក្រៅពីនោះក្រុមហ៊ុន ក៏បានចូលរួមជួយដល់សង្គមជាតិ តាមរយៈការបង់ពន្ធ ព្រមទាំងធ្វើសកម្មភាពមនុស្សធម៌មួយចំនួនផ្សេងទៀត ដូចជាការសាងសង់សាលារៀនជាដើម។
បើតាមលោក ហ្រ្វេង អូស្មាន នៅឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុន បានបង់ពន្ធប្រមាណ ១០០លានដុល្លារអាមេរិកជូនរដ្ឋ។
ប្រធានក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ហ្រ្វេង អូស្មាន បានចាត់ទុកភាពរីកចម្រើនលើចង្វាក់ផលិតកម្ម របស់ខ្លួនកើតចេញពីការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្រុមហ៊ុន CBL បានផលិតនូវស្រាបៀរល្បីៗលើពិភពលោកជាច្រើនរួមមាន៖ ស្រាបៀរ Heineken Tiger ABC Extra Stout Anchor និង Gold Crown ៕