(ភ្នំពេញ)៖ នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនល្មើសដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀនមួយចំនួន មានតែឈ្មោះក្នុងបញ្ជីជាប់ពន្ធនាគារ ប៉ុន្តែមនុស្សវិញ ចេញរកស៊ីគ្រឿងញៀននៅខាងក្រៅហើយធំជាងមុនទៀត។
មិនត្រឹមប៉ុណ្ណោះទេ ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា បើគិតពីស្ថានទម្ងន់ទោស អ្នកខ្លះត្រូវជាប់ពន្ធនាគារមួយជីវិត តែបាន៣ឆ្នាំ ឃើញចេញវិញបាត់។
មិនមែនចេះតែលើកឡើងនោះទេ ប្រមុខបង្ក្រាបគ្រឿងញៀនរូបនេះ បានព្រលយមួយឃ្លាថា «ដែលខ្ញុំថា ចាប់ដំបូងតិច ចេញមកវិញខ្លាំង ខ្ញុំស្គាល់តើ វាមកជួលផ្ទះកូនចៅខ្ញុំទៀត ដល់ឥឡូវបន្ធូរចុះបន្ធូរឡើង សល់តែ៣ឆ្នាំ»។
លោកបានបន្តថា បុគ្គលដែលលោកលើកឡើងនោះ មានទាំងម៉ាស៊ីនផលិតគ្រឿងញៀន ដាក់លើរថយន្ត បើកចល័តទៅផលិតគ្រប់ទីកន្លែងទៀត នេះជារឿងជាក់ស្ដែង ហើយបានរិះគន់ថា «បើនៅតែធូររលុងបែបនេះ កម្លាំងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ គេគ្មានទឹកចិត្តអនុវត្តទេ អ៉ីចឹងហើយ ចាប់យកលុយដែរទៅ»។
សូមជម្រាបថា លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ចេញបង្ក្រាបបាន ៩២១ករណី ឃាត់ខ្លួន ២,០៥៣ករណី ក្នុងនោះមានស្ត្រី ២១៥នាក់ ក្នុងនោះ ករណីជួញដូរមាន ៥៨២ករណី ឃាត់ខ្លួន ១០២៧នាក់ និងករណីប្រើប្រាស់ ៣៣៨ករណី ឃាត់ខ្លួន ១,០២៦នាក់។ ប្រតិបត្តិការបង្ក្រាបពេញមួយខែកុម្ភៈ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ៧ ២៥១.២៨ក្រោម និងកញ្ឆា ៩៧,៤៧៨ដើម ដកហូតរថយន្ត ១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ ៦៣៩គ្រឿង៕