(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបង្ហាញរូបភាពជំនួបជាមួយ លោកស្រី អុង សានស៊ូជី មេដឹកនាំថ្មីរបស់មីយ៉ាន់ម៉ា អំឡុងទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេល១សប្តាហ៍នេះ។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឱ្យកម្ពុជា-មីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ និងការផ្លាស់ប្តូរនិស្សិត និងយុវជន ជាដើម។ ក្រៅពីនោះ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏បានជំរុញឱ្យមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់/អនុតំបន់រួមមាន ក្របខណ្ឌ ASEAN CLMV ACMECS កិច្ចសហប្រតិបត្តិការមេគង្គ និងGMSផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រំលឹកអំពីភាពជោគជ័យរបស់កម្ពុជា ដែលបានអនុវត្តតាម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ នៅឆ្នាំ១៩៨៨ ជូនលោកស្រី អុង សានស៊ូជី។ លោកថ្លែងថា គោលនយោបាយនេះ ធ្វើឲ្យខ្មែរក្រហមរលាយទាំងស្រុង ទាំងយោធា និងរដ្ឋាភិបាល នាំឲ្យមានសន្តិភាពដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងសព្វថ្ងៃនេះ។
ចំពោះជំនួបទ្វេភាគីនោះ លោកស្រី អុង សានស៊ូជី បានលើកឡើងថា ផលប្រយោជន៍ចំបងរបស់មីយ៉ាន់ម៉ារ គឺសន្តិភាព និងការបង្រួបបង្រួមជាតិ ប៉ុន្តែអាចមិនមែន ជាផលប្រយោជន៍របស់ប្រទេសមួយចំនួន។ លោកស្រី បានថ្លែងអំណរគុណកម្ពុជា ដែលបានគំាំទ្រមីយ៉ាន់ម៉ារលើបញ្ហានេះ។
ជាមួយគ្នានេះ លោកស្រី ក៏បានសម្តែងភាពរីករាយចំពោះវត្តមាន ក្រុមហ៊ុនវិនិយោគកម្ពុជា ចំនួន២៤ ដែលបានបណ្តាក់ទុននៅមីយ៉ាន់ម៉ារ ហើយលោកស្រីសង្ឃឹមថា ចំនួននេះនឹងកើនឡើងបន្តទៀត។ លោកស្រី បានកោតសរសើចំពោះគំនិតផ្តួចផ្តើមឱ្យមានផ្លូវទេសចរណ៍ «ប្រទេស២ គោលដៅតែមួយ» របស់កម្ពុជា។ លោកស្រីបានបញ្ជាក់ថា សម្រាប់ក្របខណ្ឌមេគង្គ ជាសក្តានុពលសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ារវិញ ភាពគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការ រួមជាមួយគ្នាបាន៕