(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រារព្ធខួបលើកទី១០៦ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងថែរក្សា និងជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែកដំណើរការនៃបេសកម្មថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សបន្តឆ្ពោះទៅមុខ ព្រោះការបាត់បង់នូវសន្តិភាព និងវត្តមាននៃអំពើហិង្សា នៅក្នុងសង្គមជាតិមួយ គឺជាប្រភពនៃការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៏នៃសង្គមជាតិ។

ប្រធានបទនេះក៏ជំរុញឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម និងដោះស្រាយជម្លោះដោយសន្តិវិធី លើកកម្ពស់សន្តិភាពជាវិជ្ជមាន គោរពតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យរបស់សង្គមជាតិ ស្របពេលដែលសន្តិសុខពិភពលោក កំពុងមានភាពតានតឹងផងនោះ។

ពិធីនោះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំធំសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ក្រូច ផាន ប្រធានក្រុមន្រឹក្សាខណ្ឌ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ លោកស្រី ឈួន ចិន្តា ប្រធានអនុកម្មការសមា  គមន៏នារីខណ្ឌ លោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងតំណាងកងកម្លាំង ប្រដាប់អាវុធទាំងពីរភេទ និងមន្រ្តីរាជការ ការិយាល័យជុំវិញសាលាខណ្ឌ និងស្រ្តីដែលមកពីបណ្ដាសង្កាត់ និងភូមិនៅទូទាំងខណ្ឌ ជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះលោកស្រី ឈួន ចិន្តា បានឡើងអាននូវព្រះរាជសារ សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មនុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី៨មិនា ឆ្នាំ២០១៧នេះ។ នៅក្នុងព្រះរាជសារ ក៏បានរំលឹកពីការតស៊ូរបស់នារី នៅទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើក កម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈតួនាទីរបស់ស្រ្តី មានការលើកឡើងនូវប្រធានបទ ដែលមានខ្លឹមសារ ទៅនឹងបរិបទរបស់ប្រទេស ដែលជំរុញឲ្យមានការលើកកម្ពស់ ការចូលរួមរបស់ស្រ្តីក្នុងគ្រប់វិស័យ ដើម្បីស្រ្តី បានចូលរួមចំណែកថែរក្សាការពារសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម សេចក្ដីសុខចម្រើន និងបង្កើនសរដ្ឋ កិច្ចរបស់ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ។

តាមប្រវត្តិនៃទិវាអន្តរជាតិនារី៨មីនា គឺនៅចុងសតវត្សរ៍ទី១៩ ដោយបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង នៅលើសកលលោកជាពិសេសនៅ សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដែលមានខឿនឧស្សាហកម្មរើកចម្រើន ស្រ្តី និងកុមាររាប់លាននាក់ ត្រូវបានទាក់ទាញឲ្យចូលធ្វើការ នៅក្នុងរោងចក្រសហគ្រាសទាំងនោះ។ ដោយឡែក ម្ចាស់រោងចក្រសហគ្រាសមួយចំនួន មានគំនិតលោភលន់ កេងប្រវ័ញ្ជ លើកម្លាំងពលកម្មស្រ្តី និង កុមារ-កម្មករ ដែលបង្ខំឲ្យពួកគេធ្វើការជាទម្ងន់ ក្នុង១ថ្ងៃពី១២ម៉ោងទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀរវត្សរ៍ យ៉ាងតិចតួចបំផុត និងមិនគិតពីបញ្ហាសុខភាព និងបានធ្វើឲ្យពួកគេរស់នៅ ក្នុងជីវភាពដុនដាបវេទនាបំផុត។

ដោយសារតែបែបនេះទើបនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរ នៅទីក្រុងស៊ីកាហ្គោ និងញូវយ៉កសហរដ្ឋអាមេរិក បានសាមគ្គីគ្នា ក្រោកឈរឡើងយ៉ាងប្ដូរផ្ដាច់ ទាមទារឲ្យ បន្ថយម៉ោងធ្វើការ និងតម្លើងប្រាក់ឈ្នួល។ ប៉ុន្តែជាលទ្ធផលបែរជាទទួលបាន ការគាបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងបណ្ដេញចេញពីរោងចក្រថែមទៀត។

ទោះបីជាបបែបនេះក្ដី កម្មការិនីខាងលើនៅតែសាមគ្គីគ្នាតស៊ូយ៉ាងស្វិតស្វាញ ក្រោកឈរឡើងប្រឆាំងជាសាធារណៈម្ដងទៀត បង្ខំឲ្យម្ចាស់រោងចក្រសហគ្រាសទាំងនោះ យល់ព្រមធ្វើតាម ដែលបានជិះឥទ្ធិពល និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីពលការិនីនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានឧស្សាហ៍កម្មធំមួយ។

ក្រោយមកដោយមានការចូលរួមគាំទ្រពីបណ្ដាស្រ្តីសំខាន់ៗ បានបំផុសចលនា បង្កើតបានជាលេខាអន្តរជាតិ ដើម្បីបានដឹកនាំចលនានារី ហើយនៅក្នុងឆ្នាំ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេសចំនួន១៧ចូលរួម បានប្ររព្ធធ្វើឡើងនៅទីក្រុងប៉ែនហាក រដ្ឋធានីនៃប្រទេសដាណាម៉ាក ដោយបានសម្រេចយកថ្ងៃទី៨ ខែមិនាជា «ទិវានារីអន្តរជាតិ» ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយ៖ ទី១-មួយថ្ងៃធ្វើការ៨ម៉ោង ទី២-ធ្វើការស្មើរគ្នា ប្រាក់បៀវត្សរ៍ស្មើរគ្នា ទី៣-ការពារសុខភាពមាតានិងទារក។ ចាប់តាំងពីពេលនោះមកថ្ងៃ៨មីនា បានក្លាយជាថ្ងៃ បុណ្យអន្តរជាតិនារី រហូតមកដល់សព្វថ្ងៃនេះ៕