(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរិះគន់ខ្លាំងៗ លើស្ថាប័នតុលាការ ដែលដំណើរការកាត់ក្ដីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មិនដូចអ្វីដែលច្បាប់បានចែង ព្រោះមិនឃើញមានជនល្មើសគ្រឿងញៀនណាម្នាក់ ជាប់គុកមួយជីវិតសោះ។
ច្បាប់ដែលនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អះអាងថា តុលាការកាត់ក្ដីខុសនោះ គឺច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន ត្រូវបានលើកបង្ហាញ ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។
ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា «ស្មារតីច្បាប់អត់មានកន្លែងណាបន្ធូរសោះ គ្រប់មាត្រា ប៉ុន្តែការរឹតបន្តឹង ដែលហៅថាទម្ងន់នោះ វាមិនសូវបានអនុវត្ត ជាពិសេសលើអ្នកដែលមានទ្រព្យសម្បត្តិ អត់មានអ្នកណាជាប់មួយជីវិតផង ឃើញតែ១០ឆ្នាំ ១៥ឆ្នាំ ក្រោម២០ឆ្នាំ ច្បាប់មើលទៅគេសរសេរច្បាស់ណាស់ វាគ្មានកន្លែងបន្ថយ»។
ខណៈនោះលោកបានលើកសៀវភៅច្បាប់មួយក្បាល ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជាក់ថា «ច្បាប់តឹងតើ តែមនុស្សអ្នកកាត់បន្ធូរ ច្បាប់គេសរសេរតឹងមែនទែន, យើងអត់មានច្បាប់ប្រហារជីវិតទេ តែច្បាប់ជាប់គុកមួយជីវិតនេះ ក៏មិនមែនធូរដែរ ព្រោះឃើញចាប់ ៥គីឡូ ៤គីឡូ ៣គីឡូក្រាម អត់ឃើញមានអ្នកណាជាប់គុកមួយជីវិតផង មេក្លោងធំៗក្នុងស្រុក អត់មានជាប់មួយជីវិតសោះ ជាប់ត្រឹម៣ឆ្នាំចេញវិញ»។
បើតុលាការអនុវត្ត និងដោះស្រាយត្រឹមត្រូវដូចច្បាប់ចែង អ្នកដែលជាប់បទល្មើសគ្រឿងញៀនធ្ងន់ធ្ងរ ក្រោយកាត់ទោសហើយ ត្រូវតែរឹបអូសទាំងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់ មិនមែនដកហូតែវត្ថុតាង ដូចរាល់ដងនោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។
ដោយឡែក លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ចេញបង្ក្រាបបាន ៩២១ករណី ឃាត់ខ្លួន ២,០៥៣ករណី ក្នុងនោះមានស្ត្រី ២១៥នាក់ ក្នុងនោះ ករណីជួញដូរមាន ៥៨២ករណី ឃាត់ខ្លួន ១០២៧នាក់ និងករណីប្រើប្រាស់ ៣៣៨ករណី ឃាត់ខ្លួន ១,០២៦នាក់។ ប្រតិបត្តិការបង្ក្រាបពេញមួយខែកុម្ភៈ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ៧ ២៥១.២៨ក្រោម និងកញ្ឆា ៩៧,៤៧៨ដើម ដកហូតរថយន្ត ១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ ៦៣៩គ្រឿង៕