(ភ្នំពេញ)៖ «ស្រ្តីគឺជាតម្លៃដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត មិនអាចកាត់ថ្លៃបាន ពិសេសស្រ្តីមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍ក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល ឲ្យរីកចម្រើនជឿនលឿន»។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតក្នុងពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី០៨ មិនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ដែលបានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងស្រ្តីជាបុគ្គលិកនៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន៧១១នាក់ ក្នុងចំណោម១៣២២នាក់ ស្មើនឹង៥៤% នៃចំនួនបុគ្គលិកទាំងអស់។
នៅក្នុងឱកាសនោះលោកស្រី គ្រុយលាងស៊ី បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
លោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តទៀតថា ប្រធានបទសម្រាប់ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០១៧នេះ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ព្រោះថាតួនាទីស្រ្តីកម្ពុជាកាន់តែលេចធ្លោ ក្រោយពីប្រទេសកម្ពុជាទទួលបានមរតកដ៏ថ្លៃថ្លា គឺសន្តិភាពដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ភ្លើងសង្រ្គាម ដ៏រ៉ាំរ៉ៃទាំងស្រុងនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យសង្គមគ្រួសារខ្មែរទាំងមូល ដែលធ្លាប់ទាស់ទែងគ្នាក្នុងអតីតកាល បានរូបរួមសាមគ្គីគ្នាមានឯកភាពទឹកដីទាំងស្រុង និងរួមរស់ជាមួយគ្នាប្រកបដោយមោទនភាពបំផុត។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា «ស្រ្តីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិស្ត្រីជាមាតានៃពិភពលោក ដូច្នេះការកសាងប្រទេសមួយ ឲ្យមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿន ទៅបានគឺមិនអាចខ្វះស្រ្តីបានទេ ដូច្នេះបងប្អូនស្រ្តីត្រូវតស៊ូឡើងបន្តទៀត ដើម្បីជៀសវាងពីពាក្យតំណាលថា ស្រ្តីបង្វិលចង្រ្កានមិនជុំនោះ។ ដូច្នេះស្រ្តីក៏មានសិទ្ធិសិទ្ធិស្មើបុរសដែរ ព្រោះស្រ្តីជាកម្លាំងចលករមួយជួយអភិវឌ្ឍន៍ប្រទេសជាតិ ដោយសមភាពប្រកបដោយចីរភាព»៕