(ភ្នំពេញ)៖ ផលិតកម្ម «មហាហង្ស» បានរៀបចំពិធីក្រុងពាលីរឿងថ្មីមួយទៀត មានចំណងជើងថា «កញ្ចក់» នាព្រឹកថ្ងៃទី ០៧ មិនា ឆ្នាំ២០១៧ នេះ ដែលជាភាពយន្តខ្នាតធំ ហើយមានការ ចូលរួមសម្តែង ដោយតារាល្បីៗ ប្រចាំផលិតកម្ម មហាហង្ស មានទេពកោសល្យទទួលស្គាល់ ពីសំណាក់ទស្សនិកជន។ ភាពយន្តថ្មីរបស់ផលិតកម្ម មហាហង្ស រឿង «កញ្ចក់» ត្រូវបានផលិតករ អះអាងថា ផ្ដោតសំខាន់លើឈុតឆាកភ័យខ្លាច ព្រឺព្រួច រន្ធត ដើម្បីទាក់ទាញអ្នកទស្សនា ខណៈភាពយន្តប្រភេទនេះ របស់ផលិតកម្ម មហាហង្ស ទទួលបានការគាំទ្រខ្លាំងរួចមកហើយ។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងជាផលិតករភាពយន្ត បានថ្លែងថា រឿង «កញ្ចក់» នេះ មានការផ្តោតខ្លាំង ទៅលើភាពភ័យរន្ធត់ព្រឺព្រួច ដែលជាការរំពឹងថ្មីរបស់មហាហង្ស សម្រាប់ទាក់ទាញអ្នកទស្សនា នៅក្នងឆ្នាំ២០១៧នេះ ក្នុងចំណោមស្នាដៃជាច្រើន របស់ផលិតកម្ម មហាហង្ស។ រឿងនេះ យើងរំលេចដោយតារាមានស្នាដៃសម្តែងបានល្អ នៅលើទីផ្សារ បូកផ្សំទាំងប្រភេទ កាមេរ៉ាថតក៏ល្អ មានតម្លៃខ្ពស់ និងក៏ជាក្ដីសង្ឃឹមថ្មីមួយទៀតដែរ សម្រាប់ការទាក់ទាញទីផ្សារ ពីសំណាក់អ្នកគាទ្រ។
លោក អ៊ិន សុភិន បានបន្តទៀតថា រឿង «កញ្ចក់» ប្រសិនបើតួ មានពេលថតគ្រប់គ្រាន់ សាច់ថតមានប្រមាណជាពីរខែ ហើយយកមករៀបចំ១ខែទៀត អាចសរុបបី៣ខែ និងបានបញ្ចាំង នៅតាមរោងភាពយន្តនានា បានហើយ។ ភាពយន្តខ្នាតធំនេះ ផលិតកម្ម គ្រោងប្រើខ្ទង់ចំណាយប្រមាណជាជិត៥ម៉ឺនដុល្លារ ឬលើសតិចតួច ដែលជាស្តង់ដារមួយ នៅស្រុកខ្មែរយើង។ អ្វីដែលសំខាន់យើងក៏ត្រៀមយកស្នាដៃរឿងកញ្ចក់ ទៅចាក់បញ្ចាំងនៅក្រៅប្រទេសដែរ។
សូមបញ្ជាក់ថា រឿង «កញ្ចក់» ផលិតដោយលោក អ៊ិន សុភិន និពន្ធដោយលោក អ៊ិន សុភិន នាយកប្រតិបត្តិ អ្នកនាង ភិន សុដាលីស ជំនួយការផលិត កញ្ញា ម៉ៅ ចាន់រស្មី និងគ្រប់គ្រងទូទៅដោយលោក អូន ឧស្សាហ៍៕