(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១០៦ បានស្នើឲ្យបុរសជាមន្រ្តីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហាយ៉េនឌ័រ រួមសហការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងចំពោះស្រី ហើយបង្កលក្ខណៈឲ្យនារីមានលទ្ធភាពគ្រប់គ្រាន់ចូលរួមសកម្មភាពរបស់ក្រសួង និងសង្គម។
រដ្ឋមន្រ្តី វង សូត បានស្នើឲ្យបងប្អូននារីៗ ត្រូវចេះជួយខ្លួនឯង មានសាមគ្គីល្អ សហការល្អ ចេះអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងស្វែងយល់ពីចំណេះដឹងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការវិវត្តរីកចម្រើនរបស់សង្គមជាតិ និងការឆ្លើយតប ទៅនឹងប្រធានបទអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១០៦ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
លោក វង សូត បានលើកឡើងបែបនេះ ខណៈលោក និងភរិយា រួមនឹងមន្រ្តីរាជការក្រសួង និងស្ថាប័នពាក់ព័ន្ធ ប្រមាណជាង៥០០នាក់ នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១០៦ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នាទីស្តីការក្រសួង។
រដ្ឋមន្រ្តី វង សូត បានបន្ថែមឲ្យដឹងថា ក្នុងអាណត្តិទី៥នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្រ្តីរាជការស្រ្តីសរុបចំនួន ៦៤៧រូប ស្មើនឹង៣៨% នៃចំនួនមន្រ្តីរាជការសរុប ដែលមានតួនាទី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការរង នាយិការង ប្រធាននាយករដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន មន្ទីរ ប្រធាន អនុប្រធានកាលរិយាល័យមួយចំនួនទៀត។
បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច កំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិ អង្គការមិនមែនរាជរដ្ឋាភិបាល ដើម្បីឧបត្ថម្ភគាំទ្រ និងបង្កើនសមត្ថភាពតាមរយៈការអប់រំ និងមានការចូលរួមចំណែកស្មើគ្នា ដូចបុរស ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងកិច្ចការសង្គម។
ឆ្នាំ២០១៧នេះ ជាខួបលើកទៅ១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនាត្រូវបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបានកំពុងគាំទ្រ និងជំរុញឲ្យមានការចូលរួមគ្រប់ស្ថាប័ន រួមទាំងបុរស និងស្រ្តីដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។
រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃ៨មីនា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ពេលបច្ចុប្បន្ននេះ ហើយបានកំណត់យកថ្ងៃនេះ ជាថ្ងៃឈប់សំរាកជាផ្លូវការ៕