(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅថ្ងៃអង្គារនេះ បានថ្លែងលើកទឹកចិត្តដល់ស្រ្តីកម្ពុជា។ លោកបានថ្លែងឲ្យដឹងថា ស្ដ្រីខ្មែរមានការតស៊ូខ្លាំងក្លាណាស់ ដោយមិនចាញ់ស្រី្ដនៅបរទេសឡើយ។ លោកថា ការតស៊ូនេះ គឺការតស៊ូទល់នឹងជីវភាពក្នុងគ្រួសារ នៅក្នុងសហគមន៍ នៅក្នុងសង្គម កត្ដាប្រពៃណីទំនៀមទំលាប់ ឬបញ្ហាទស្សននានា ដែលជាគំនាបដ៏ធ្ងន់ធ្ងរដល់ស្រ្ដី។

ការថ្លែងយ៉ាងដូច្នោះរបស់ លោកឧត្ដមសេនីយ៍ឯក ទូច ណារ៉ុថ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងពិធីអបអរសាទរមិទ្ទិញខួបលើកទី១៦ នៃទិវាអន្ដជាតិនារី ៨មីនា ឆ្នាំ២០១៧ ដល់កងកម្លាំងនគរបាលជាតិជានារី នៃនាយកដ្ឋានអង្គរក្ស និងមានការចូលរួមពីមន្រ្តីនគរបាលជានារីគ្រប់ការិយាល័យ អង្គភាពចំណុះនាយកដ្ឋាន អង្គរក្សប្រមាណជាង៦០នាក់។

លោកឧត្ដមសេនីយ៍ឯក បានឲ្យដឹងថា ការរៀបចំមិទ្ទីញអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តជាតិនារី៨មីនា នៅក្នុងនាយកដ្ឋានអង្គរក្សនាពេលនេះ បានរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមស្របទៅតាមគោលការណ៍របស់អង្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលជានារីដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការពារសុវត្ថិភាព សន្ដិសុខ ថ្វាយ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តជាតិ ដែលអញ្ជើញមកប្រជុំការងារ ឬអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាសំដៅធានាឲ្យបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។

លោកបានបន្ថែមទៀតថា ក្នុងឆ្នាំ២០១៧នេះ មិទ្ទីញអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តជាតិ៨មីនា ជាប្រវត្តិសាស្រ្ដសម្រាប់ស្រ្ដី រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទ​ «ស្រី្ដដើម្បីសុខ សន្ដិភាព និងវឌ្ឍនភាព» ប្រធានបទឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចក្លាហានដល់ស្រ្ដី គឺជាកត្តារួមចំណែកធ្វើឲ្យមានសន្ដិភាព សន្ដិសុខ និងវឌ្ឍនភាពយូរអង្វែងរបស់សង្គមជាតិ។

សូមបញ្ជាក់ថា ទិវាសិទ្ធនារីអន្ដជាតិ៨ មីនា នេះត្រូវបានប្រារព្ធធ្វើឡើងទូទាំងប្រទេស ដើម្បីរំលឹកពីប្រវត្តិនៃការតស៊ូ និងវីរភាពរបស់នារី ដែលបានខិតខំតស៊ូទាមទារ នូវសមធម៌ ដែលនារីបានចូលរួមចំណែកកសាង និងអភិវឌ្ឍជួយប្រទេសជាតិ និងមាតុភូមិកម្ពុជាកន្លងមក៕