(ភ្នំពេញ)៖ សល់ត្រឹមរយៈពេល១ថ្ងៃទៀតប៉ុណ្ណោះ ឈានចូលដល់ថ្ងៃទី០៨ មីនា ដែលជា «ទិវាសិទ្ធិនារីអន្តរជាតិ» សមាគមសហគ្រិនស្រ្តីកម្ពុជា បាននាំយកនូវស្រ្តីគំរូ៣នាក់ ដែលសុទ្ធមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះនៅកម្ពុជា មកធ្វើបទបង្ហាញក្រោមប្រធានបទ «ស្រី្តក្លាហានក្នុងការអភវឌ្ឍន៍» ដែលអាចនិយាយថា ជាកម្មវិធីមួយជួយលើកស្ទួយនារីឲ្យរិតតែ មានសិទ្ធរិតតែស្មើបុរសក្នុងសម័យអភិវឌ្ឍន៍មួយនេះ។

វេទិកាពិភាក្សានេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី ច័ន្ទ សូរិយា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី តំណាងលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអ្នកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងលោកបណ្ឌិត តាន់ ម៉ូនីវណ្ណ រួមនឹងវាគ្មិនស្រីទាំង៣នាក់រួមមាន៖ ឌីជេ ណាណា តារាសម្តែង និងជាពិធិករ, អ្នកនាង លឹម វីរីយ៉ា សាស្រ្តាចារ្យជាន់ខ្ពស់ នៃសកលវិទ្យាល័យបៀលប្រាយ និង អ្នកនាង ចាន់ ឈនីកា ប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម រួមនិង លោកស្រី ជា សុខលាង ដែលវេទិការនេះធ្វើនៅថ្ងៃទី០៦ មីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះផងដែរ មុននឹងបើកកម្មវិធីវេទិកាពិភាក្សានេះ លោកស្រី ច័ន្ទ សូរិយា បានថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីថា កិច្ចការអភិវឌ្ឍន៍ មិនអាចសម្រេចបានដោយគ្មាន ការចូលរួមពីស្រ្តីនោះទេ ដូចនេះការយកចិត្តទុកដាក់ ចំពោះស្រី្តពិតជាមានការចាំបាច់បំផុត។ ទាំងអស់នេះបង្ហាញឲ្យឃើញថា ស្រី្តពិតជាមានសារៈសំខាន់ណាស់ ចំពោះសង្គមនាសម័យបច្ចុប្បន្ន ហើយការងារទាំងអស់សុទ្ធសឹងតែត្រូវការស្ត្រី ដូចពាក្យស្លោកមួយបានលើកឡើងថា «ស្រ្តីជាមាតាពិភពលោក» វាពិតជាមានន័យទូលំទូលាយ សម្រាប់អ្នកឲ្យតម្លៃលើវាខ្លាំងណាស់។

ចំណែកលោកស្រី កែវ មុំ ប្រធានសមាគមស្រ្តីកម្ពុជាបានថ្លែងថា ការបង្កើតឡើងដើម្បីលើកទឹកចិត្ត ដល់ស្រ្តីនៅកម្ពុជា និងដើម្បីពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយសារតែស្រ្តីនៅពុំទាន់មានសេចក្តីក្លាហានគ្រប់គ្រាន់ ដើ​ម្បីសម្រេចបាននូវភាពជោគជ័យច្រើនដូចបុរស ដែលហេតុនេះ ទើបបង្កើតឡើងសមាគមមួយនេះ។

សម្រាប់វាគ្មិនទាំង៣នាក់ ដែលចូលរួមនេះ ពួកគាត់បានលើកឡើងក្នុងវេទិការពិភាក្សា «ស្រី្តក្លាហានក្នុងការអភវឌ្ឍន៍» គឺមានន័យប្រហាក់ប្រហែលគ្នា ជាពិសេសពួកគាត់ បាននិយាយលើកទឹកចិត្តស្រ្តី ដែលចូលរួមក្នុងកម្មវិធីនោះក៏ដូចជា ស្រី្តនៅកម្ពុជាទាំងមូលត្រូវតែមានភាពក្លាហាន និងឲ្យតម្លៃលើខ្លូនឯង មិនត្រូវគិតពីពាក្យមិនល្អ របស់បុរសដែលនៅជុំវិញខ្លួនយើង កត្តាទាំងនេះទើបធ្វើឲ្យពួកគាត់ បានជោគជ័យដូចសព្វថ្ងៃ។

ពាក្យមួយឃ្លាដែលវាគ្មិននាំគ្នាដេញដោល និងពិភាក្សានោះគឺ «អូនចង់ធ្វើ» ពាក្យមួយឃ្លានេះ អាចនឹងអន្រួនបេះដូងដល់ស្រ្តីទាំងឡាយដែល មិនហានចេញមកក្រៅស្គាល់ពិភពលោកនោះ អាចនឹងស្គាល់យ៉ាងច្បាស់។ «អូនចង់ធ្វើ» ដែលចេញពីមាត់របស់អ្នកទាំង៣នាក់ គឺមានន័យទូលំទូលាយ៖ ពួកគាត់មិនខ្លាចពីភាពរិះគន់របស់អ្នកក្រៅខ្លួន ហានធ្វើដូចជាបុរសអាចធ្វើបាន មិនគិតពីពេលវលា ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កត្តាទាំងនេះបានធ្វើឲ្យពួកគាត់ ជោគជ័យដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ មកដល់សព្វថ្ងៃ សហគ្រិននៅប្រទេសកម្ពុជារហូតដល់ជាង៥០ម៉ឺននាក់ ហើយស្ត្រីដែលជាម្ចាស់របស់សហគ្រាសមានរហូតដល់ជាង ៣០ម៉ឺនសហគ្រិន នេះបើការបញ្ជាក់របស់ លោកស្រីឧកញ៉ា កែវ​ មុំ៕