(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា និងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីមិច សម្រេចបានជាង៩០ភាគរយហើយ ពោលគឺនៅសល់តែ១៥គ្រួសារតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា «សហគមន៍បុរីកីឡា នឹងដោះស្រាយបញ្ចប់នៅក្នុងអាណត្តិឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនេះតែម្តង»។
នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ សាលារាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតស្តីពី «ដំណើរការវិវឌ្ឍន៍ចុងក្រោយ នៃដំណោះស្រាយបញ្ហាបុរីកីឡា» ក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោកស្រី ស៊ុយ សុផាន និងតំណាងប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា។
នៅក្នុងសន្និសីទកាសែតនេះ លោក មាន ចាន់យ៉ាដា បានថ្លែងថា «ពេលនេះ យើងបាន និងកំពុងបកស្រាយជុំវិញដំណោះស្រាយ របស់រាជធានីភ្នំពេញកន្លងមក ជាមួយប្រជាពលរដ្ឋ ហើយលោកស្រី ស៊ុយ សុផាន ក៏បាន និងកំពុងបកស្រាយផងដែរ ស្របពេញដែលការដោះស្រាយនៅសហគមន៍បុរីកីឡានេះ បានសម្រេចជាង៩០ភាគរយហើយនោះ ពោលគឺនៅសល់តែ១៥គ្រួសារតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ជម្លោះរឿងអគារស្នាក់នៅក្នុងសហគមន៍បុរីកីឡា បានក្លាយជាជម្ងឺមហារីកមួយ អូសបន្លាយរាប់សិបឆ្នាំមកហើយ មិនទាន់រកដំណោះស្រាយនៅឡើយទេ រហូតមានការតវ៉ាប្រឆាំងនៅតាមទីសាធារណៈ ជាញឹកញាប់ ជាមួយសហគមន៍ដីធ្លីផ្សេងៗទៀត នៅក្នុងរាជធានីភ្នពេញ៕