(កូឡាឡាំពួ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រទេសម៉ាឡេស៊ី ត្រូវបានរាជរដ្ឋាភិបាលបង្គាប់បញ្ជាមិនឲ្យបញ្ជូនក្រុម ជម្រើសជាតិទៅប្រកួតទល់នឹងម្ចាស់ផ្ទះកូរ៉េខាងជើងឡើយ ដោយសារតែខ្លាចពីបញ្ហាសុវត្ថិភាព គ្រាដែលជម្លោះការទូត នៃប្រទេសទាំងពីរ កំពុងតែឡើងកំដៅ។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញដោយសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានឲ្យដឹងថា «ការប្រកួតបាល់ ទាត់រវាងក្រុមជម្រើសជាតិម៉ាឡេស៊ី និងកូរ៉េខាងជើង ក្នុងវគ្គជម្រុះពានរង្វាន់អាស៊ី Asian Cup 2019 នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ នឹងមិនកើតឡើងឡើយ ដោយសារតែប្រទេសទាំងពីរ ក្នុងទ្វីបអាស៊ីកំពុងតែមាន វិបត្តិនយោបាយ ដែលឈានដល់ការបណ្តេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួនទៀត»

ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ក៏បានដាក់សំណើអំពីការសុំពន្យារពេលនៃការប្រកួតខាងលើ ទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC រួចរាល់ផងដែរ តែពុំទាន់មានការឆ្លើយតបនៅឡើយទេ នេះបើយោងតាមសារ ព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេសចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០១៧ នេះ។

ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងកូរ៉េខាងជើងស្ថិតក្នុងពូល B ជាមួយនឹងគ្នា និង២ក្រុមផ្សេងទៀតគឺលីបង់ និង ហុងកុង នៃព្រឹត្តិការណ៍ជើងឯកអាស៊ី Asian Cup 2019 វគ្គជម្រុះសន្សំពិន្ទុក្នុងជុំទី៣ ដែលនឹងត្រូវបានចាប់ប្រកួតដំបូង ក្នុងជើងទី១ ថ្ងៃទី២៨ ខែមីនាខាងមុខនេះ។

សូមរំលឹកផងដែរថា ជម្លោះការទូតរវាងប្រទេសម៉ាឡេស៊ី និងកូរ៉េខាងជើង គឺបានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានធ្វើការរិះគន់លើការស៊ើបអង្កេតរបស់ម៉ាឡេស៊ី លើសំណុំរឿងឃាតកម្មលោក គឺម ជុងណាំ ដោយចាត់ទុកថា វាជា ការឃុបឃិតគ្នារវាងទីក្រុងកូឡាឡាំពួ និងទីក្រុងសេអ៊ូល ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកូរ៉េខាងជើង រហូតឈានដល់ ការដេញមន្រ្តីទូតចេញពីប្រទេសប្រទេសរៀងៗខ្លួនថែមទៀតផងមិនឲ្យលើសពី៤៨ម៉ោង ស្មើនឹង២ថ្ងៃ៕

ក្រុមជម្រើសជាតិកូរ៉េខាងជើង

ក្រុមជម្រើសជាតិម៉ាឡេស៊ី