(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែង ក្រើនរំលឹកឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ គោលការណ៍នានារបស់រាជរដ្ឋាភិបាល ជាពិសេសសារាចរណែនាំលេខ០៥ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ។
បន្ថែមពីនោះ លោក សាយ សំអាល់ ក៏បានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើការងារ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍មូលដ្ឋាន ដោយប្រើប្រាស់ប្រកបដោយនិរន្តរភាព នូវធនធានធម្មជាតិ នៅក្នុងមូលដ្ឋាន ជាអាទិ៍ ការបង្កបង្កើនផល ការចិញ្ចឹមសត្វ និងសេវាកម្មទេសចរណ៍ធម្មជាតិ។
រដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងឲ្យដឹងនៅក្នុង កិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដើម្បីពិនិត្យពិភាក្សាលើសកម្មភាព និងលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលរៀបចំធ្វើនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការជាតិ និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីក្នុងការខិតខំប្រឹងប្រែងអនុវត្តយុទ្ធនាការ ទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ។
លោកបានគូសបញ្ជាក់បន្ថែម អំពីកំណែទម្រង់ស៊ីជម្រៅ នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសការបន្តអនុវត្តបទបញ្ជាលេខ០១ ដែលមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី បន្តដោះស្រាយបញ្ហា ទំនាស់ដីធ្លី និង បន្តទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើស ធនធានធម្មជាតិ ជាពិសេសព្រៃឈើ ក៏ដូចជាបង្កើនប្រសិទ្ធភាពការពារនិង អភិរក្សធនធានធម្មជាតិ តាមរយៈការបង្កើត តំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត និងរបៀងអភិរក្សជីវៈចម្រុះ និងដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ៕