(ឧត្តរមានជ័យ)៖ សកម្មជនសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ ប្រមាណ១០ទៅ១៥នាក់ នៅរយៈពេលពីរថ្ងៃបន្តបន្ទាប់គ្នានេះ គឺនៅថ្ងៃ៥ ខែមីនា ដល់ថ្ងៃ៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តែងការខឹងសម្បា មិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ពួកគេ ក្នុងការប្រព្រឹត្តរឿងពុករលួយ និងប្រកាន់បក្ខពួកនិយម ដោយបានធ្វើសកម្មភាព ចុះរុះរើ និងដុតកំទេចស្លាកគណបក្សចោល ហើយពួកគេប្តេជ្ញាចិត្តថា នឹងបន្តកំទេចស្លាកគណបក្សសង្គ្រោះជាតិចោល ទាំងអស់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការធ្វើសកម្មភាពរុះរើ និងដុតកំទេចស្លាកគណបក្សសង្គ្រោះជាតិចោល ដោយសកម្មជនបក្សនោះចោទថា មានរឿងពុករលួយ និងបក្ខពួកនិយម ពីសំណាក់ថ្នាក់ដឹកនាំរបស់ពួកគេ ដោយដកមន្រ្តីសកម្មៗរបស់អតីតប្រធានបក្ស សម រង្ស៊ី ដាក់ជំនួសដោយមន្រ្តីលោក កឹម សុខា វិញ។ លោក សួន សំណាង ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំឃុំ និងជាជំទប់ទី២ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារដុតបំផ្លាញ ស្លាកគណបក្សម្តងរួចមកហើយ ចំណែកនៅព្រឹកថ្ងៃ៦ ខែមីនានេះម្សិលមិញ លោកសួន សំណាង នៅតែបន្តដឹកនាំក្រុមសកម្មជនចុះទៅទម្លាក់ និងដុតកំទេចស្លាកគណបក្សនោះបន្ថែមទៀត គឺធ្វើឡើងនៅក្នុង ភូមិគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សកម្មជនបក្សសង្គ្រោះជាតិស្រុកអន្លង់វែង បានអះអាងថា មូលហេតុដែលនាំឲ្យពួក គេដុតកំទេចស្លាកគណបក្សចោលបែបនេះ ព្រោះតែមេបក្សមិនដោះ ស្រាយនូវបញ្ហារបស់សកម្មជន ដោយទុកឲ្យនៅមានមេពុករលួយ មេបក្ខពួកនិយម មេស៊ីសំណូកសូកប៉ាន់។ ហើយនៅក្នុងបដាដែលពួកគេកាន់នៅក្នុង ដៃនោះ បានសរសេរថា «លាហើយ សង្គ្រោះជាតិឃុំត្រពាំងប្រិយ៍»។ ពួកគាត់បានគម្រាមថា ពួកគេនឹងចាកចេញពីបក្ស ប្រសិនបើថ្នាក់ដឹកនាំបក្ស សង្គ្រោះជាតិថ្មី លោក កឹម សុខា មិនចុះពិនិត្យ និងដោះស្រាយបញ្ហាជូនពួកគេនោះទេ។
លោកបន្តថា នៅថ្ងៃទី០៥ ខែមីនា ស្លាកគណបក្សសង្គ្រោះជាតិ ចំនួន៤ត្រូវបានហែក និងដុតកំទេចចោល នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ហើយនៅព្រឹកថ្ងៃ៦ ខែមីនានេះបានធ្វើសកម្មភាពហែក និងដុតស្លាកបក្សចោល នៅក្នុងភូមិគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង បានជាច្រើនស្លាក ហើយរសៀលថ្ងៃ៦ ខែមីនានេះ ពួកគេបានបន្តប្រមូលផ្តុំគ្នា ដើរទម្លាក់ និងដុតកំទេចស្លាកបក្សចោលឲ្យអស់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃ៦ មិនាម្សិលមិញថា នេះជាបញ្ហាជម្លោះផ្ទៃក្នុងបក្ស សង្គ្រោះជាតិ អាជ្ញាធរស្រុក មិនលូកដៃ ឬក៏ពាក់ព័ន្ធនៅក្នុងរឿងនេះទេ រឿងជម្លោះបក្សគេទុកឲ្យគេដោះស្រាយចុះ។ ប៉ុន្តែលោក ហោ ជិនវីរៈយុទ្ធ បានបញ្ជាក់ថា ប្រសិនបើសកម្មជនបក្សសង្គ្រោះជាតិឃុំ នៅក្នុងស្រុកអន្លង់វែង ចង់ផ្លាស់ប្តូរជីវភាពនយោបាយ មករួមរស់ជាមួយបក្សប្រជាជន លោកមិនមានសិទ្ធិហាមឃាត់ពួកគាត់នោះទេ នេះជាគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយលោកក៏ដូចជាថ្នាក់ដឹកគណបក្សប្រជាជន នឹងស្វាគមន៍ នូវការចូលរួមជាមួយបក្សប្រជាជនជានិច្ច៕