(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនពិការ ទាំង១,២៧៨គ្រួសារ មកពី៣ស្រុក ក្នុងខេត្ដកំពង់ឆ្នាំង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើនចំនុច ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៖

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍អំពាវដល់បងប្អូនប្រជាជន ពិសេសយុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ នៅក្នុងសង្គម។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិត ឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

* សូមបងប្អូនទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ ពិសេសបងប្អូនយើងដែលរស់នៅតាមផ្ទះជួលតែម្ដង។

* ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវឲ្យបងប្អូនពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

* អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំប្រព្រឹត្តល្បែងស៊ីសង គ្រប់មុខទាំងអស់ ព្រោះវានឹងនាំឲ្យវិនាស។

* សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងតាមដានការសិក្សាកូនៗ ឲ្យបានជាប់ជានិច្ច។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលចែកជូនប្រជាពលរដ្ឋ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនពិការ ទាំង១,២៧៨គ្រួសារ មកពី៣ស្រុក ក្នុងខេត្ដកំពង់ឆ្នាំងរួមមាន៖ គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕​