(ស្វាយរៀង)៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករនិយោជិត នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងលោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និយោជក និងកម្មករនិយោជិត ប្រមាណជា ២,០០០នាក់។
លោក ម៉ម វណ្ណៈ បានឲ្យដឹងថា ប.ស.ស មានភារកិច្ចអនុវត្តរបបសន្តិសុខសង្គម៣ផ្នែក គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ប.ស.ស បានផ្តល់តាវកាលិកផ្នែកគ្រោះថ្នាក់ការងារ ដល់កម្មករចំនួន ១៤២,៣៣៥នាក់ ចំណាយថវិកា ៥៨ពាន់លានរៀល។
ដោយឡែក របបថែទាំសុខភាព ដែលបាននិងកំពុងដំណើរការអនុវត្តនេះ ប.ស.ស បានផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជាង៣ម៉ឺននាក់។ មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាមានចំនួន ១,១៨៧មន្ទីរពេទ្យ នៅទូទាំងប្រទេស។
នៅពេលកម្មករកម្មការិនី រងគ្រោះថ្នាក់ការងារ ប.ស.ស នឹងផ្តល់ថ្លៃដឹកជញ្ជូនជនរងគ្រោះ ផ្តល់ជូនថ្លៃសង្គ្រោះបន្ទាន់, ផ្តល់ថ្លៃព្យាបាលរហូតជាសះស្បើយ, ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ, ផ្តល់ប្រាក់ឧបត្ថម្ភអ្នកចាំថែរក្សា, ផ្តល់ប្រាក់បាត់បង់សមត្ថភាពបណ្តោះអាសន្ន, ផ្តល់ប្រាក់បាត់បង់សមត្ថភាពអចិន្ត្រៃយ៍, ផ្តល់ឧបករណ៍រណបសិប្បនិម្មិត (ដៃជើងសិប្បនិម្មិត ឈើច្រត់ រទេះរុញ...), ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ, ផ្តល់ប្រាក់វិភាជន៍បូជាសព, ផ្តល់ប្រាក់ឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុក។
ដោយឡែក សម្រាប់របបថែទាំសុខភាព កម្មករអាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស។ គោលរបបថែទាំសុខភាព រួមមាន ការពិគ្រោះជំងឺក្រៅ, ការសម្រាកពេទ្យ, សង្គ្រោះបន្ទាន់, ព្យាបាលដោយស្អំ ឬដោយចលនា, សម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយសម្រាលកូន, ទទួលបានប្រាក់ឧបត្ថម្ភកំឡុងពេលសម្រាកព្យាបាល, សេវាបញ្ជូនអ្នកជំងឺ ឬបញ្ជូនសព និងសេវាបង្ការសុខភាពជាដើម។
ក្នុងពិធីសំណេះសំណាលនេះ លោក ម៉ម វណ្ណៈ ក៏បានចែកជូនដល់បងប្អូនកម្មករ ដែលបានចូលរួមនៅក្នុងពិធីនេះ រួមមាន កន្សែងពោះគោម្នាក់មួយ និងអាហារសម្រន់ ផងដែរ៕