(ភ្នំពេញ)៖ នារីរងគ្រោះវ័យក្មេងម្នាក់ បានរត់ទៅប្តឹងនគរបាលប៉ុស្ដិ៍ចោមចៅទាំងក្បាលប៉ង់ស្មង់ ដើម្បីសុំឲ្យជួយអន្តរាគមន៍ ក្រោយរត់ផុតពីកំណាប់ដៃប្តីចិត្តអប្រិយ ដែលបានវាយធ្វើបាបលើនាង ហើយឃុំឃាំងនាងពេញមួយយប់ ក្នុងបន្ទប់ជួលមួយ នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថែមទៀត។
នារីរងគ្រោះបានរៀបរាប់ថា អំពើហិង្សាដែលប្ដីចិត្តព្រៃផ្សៃធ្វើមកលើខ្លួននាងបែបនេះ ដោយសារភ្លើងប្រច័ណ្ឌលើនាង និងចោទថានាងជាប្រពន្ធថា លួចមានសាហាយស្មន់ ហើយឃុំឃាំងនាងក្នុងបន្ទប់ទៀតផង ទាំងដែលនាងមិនអ្វីសោះ។
ទើបតែព្រឹកថ្ងៃទី០៦នេះ នារីរងគ្រោះជាប្រពន្ធ បានសុំយកសោបន្ទប់ចេញមកក្រៅ ដោយប្រាប់ប្ដីថា ទៅបើកលុយ ទើបនាងមានឱកាសរត់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសក្បាល ដែលប្ដីនាងបានវាយធ្វើបាបលើនាង រហូតមកដល់ម៉ោង៥ល្ងាច ថ្ងៃដដែលនេះ ទើបនាងដាច់ចិត្តរត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីសុំការអន្តរាគមន៍តែម្ដង។
នារីរងគ្រោះមានឈ្មោះ ស៊ុន មករា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអណ្តូងប្រាំង ឃុំគង់ពិសី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ចំណែកប្តីចិត្តតិរច្ឆាននោះ មានឈ្មោះ ពៅ យូរិម អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្រុងព្រះសីហនុ។
នារីរងគ្រោះបានបន្តថា រូបនាង និងប្តី បានរៀបការជាមួយគ្នា អស់រយៈពេល២ឆ្នាំ មកហើយ មានកូនស្រីម្នាក់ ទើបតែបាន១ខួប។ ជារៀងរាលថ្ងៃ ប្តីរបស់នាងតែងតែរករឿងមិនឈប់ ដោយចោទថា នាងចេញទៅធ្វើការលួចលាក់មានសាហាយស្មន់ ជាមួយអ្នកធ្វើការ ទាំងរូបនាងមិនដឹងខ្លួនសោះ។ នៅល្ងាចថ្ងៃទី៥ ខែមីនា នាងបានទៅលេងមិត្តភ័ក្តនៅជិតផ្សារទួលពង្រ លុះម៉ោង៨យប់ នាងក៏ឲ្យមិត្តភ័ក្តជូននាងទៅបន្ទប់វិញ តែទៅដល់ពាក់កណ្តាលផ្លូវ ក៏ជួបនឹងប្តីរបស់នាង នាងក៏ឲ្យមិត្តភ័ក្តនាងទៅវិញ ហើយនាងបានជិះម៉ូតូទៅបន្ទប់វិញ ជាមួយប្តីនាងតែម្ដង។
បន្ទាប់ពីទៅដល់បន្ទប់ភ្លាម ស្រាប់តែប្តីនាង ចាក់សោបន្ទប់ ហើយយកកាំបិតកាប់ក្បាលរបស់នាង បណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន និងគម្រាមមិនឲ្យស្រែកទៀត។ នាងបានសុំចេញមន្ទីពេទ្យព្យាបាលរបួសដែរ តែប្តីនាងមិនឲ្យចេញទៅឡើយ ដោយចាក់សោឃុំឃាំងនៅខាងក្នុងបន្ទប់ អស់ពេញមួយយប់។
លុះព្រឹកឡើង ទើបនាងសុំចេញមកក្រៅដោយប្រាប់ថា នាងទៅបើកប្រាក់ខែ ទើបប្តីនាងយល់ព្រម ហើយនាងក៏បានទៅមន្ទីរពេទ្យ ដើម្បីដេរមុខរបួសអស់ជាង១០ដ្នេរ រួចក៏បានទៅសម្រាកនៅបន្ទប់បងប្អូន រហូតដល់វេលាម៉ោង ៥ល្ងាច ថ្ងៃដដែល ទើបឲ្យបងប្អូននាងឌុបទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសុំការអន្តរាគន៍តែម្ដង៕