(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា «បច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថា ស្រ្ដីចេះអភិវឌ្ឍន៍ និង​លើកម្ពស់ខ្លួន ក្នុងការប្រឡូកក្នុងកិច្ចការសង្គម តាំងពីមានឋានៈត្រឹមជាកម្មករ រហូតដល់មានឋានៈតួនាទីខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ​រដ្ឋសភា និងព្រឹទ្ធសភាជាដើម»

ការថ្លែងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៦​ នៃទិវាសិទ្ធនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ដ្រីដើម្បីសន្ថិភាព និងវឌ្ឍនភាព»។

កម្មវិធីនេះ ត្រូវបានប្រារព្ធ​ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកម្ពស់ និងផ្ដល់ឱកាសឲ្យបុរសស្រ្ដី ទទួលបានសិទ្ធស្មើគ្នា ដើម្បីចូលរួមចំណែកក្នុងការ​រក្សា សន្ដិភាព និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោក ជា ចាន់តូ បានថ្លែងគាំទ្រ ប្រធានបទ «ស្ដ្រីដើម្បីសន្ដិភាព និងវឌ្ឍនភាព» ព្រោះទិវាអន្ដរជាតិឆ្នាំនេះ ផ្ដោតជាសំខាន់ទៅលើ ការចូលរួមរបស់បរុស ស្ដ្រី យុវវ័យ ក្នុងការរក្សាឲ្យបាននូវសន្ដិភាព និងអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបានថ្លែងបន្ដទៀតថា បច្ចុប្បន្នស្រ្ដីមានចំនួនពាក់កណ្ដាល នៃប្រជាពលរដ្ឋសរុបក្នុងប្រទេសកម្ពុជា ហើយបានជួយរំលែក​បន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិជាច្រើន។ ដោយឡែកនៅក្នុង ធនាគារជាតិនៃកម្ពុជាវិញ បច្ចុប្បន្នមានមន្ដ្រីបុគ្គលិកសរុបទូទាំងប្រទេស ចំនួន១,៥៤១នាក់ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិកជានារីមានចំនួន៧២៣​នាក់ ហើយចំនួននេះបានបញ្ជាក់ថា សមាមាត្រមន្រ្ដីបុគ្គលិកជាស្រ្ដី ចាប់តាំពីថ្នាក់ទេសាភិបាលរង ដល់បុគ្គលិកធម្មតាកើន​៤៧ភាគរយនៃចំនួនសរុប ក្នុងនោះស្រ្ដីមានចំនួន៣០ភាគរយ បានឈរក្នុងជួរថ្នាក់ដឹកនាំ ក្នុងធនាគារជាតិនៃកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ស្របតាមការរំលឹកខួបអនុស្សវរីយ៍លើទី១០៦ នៃទិវាសិទ្ធនារីនេះ គឺផ្ដោតសំខាន់ទៅលើការចូលរួម ចំ​ណែករបស់ស្រ្ដី ក្នុងការរក្សាសុខសន្ដិភាព និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅធនាគារជាតិនៃកម្ពុជា គោលការណ៍សមភាព មន្ដ្រីបុគ្គលិកបរុស និងនារី ត្រូវបានចាត់ទុកជាគន្លឹះ ក្នុងការងារប្រចាំថ្ងៃ ដើម្បីរក្សានិរន្ដភាពការងារ និងក្នុងការជំរុញការអភិវឌ្ឍវិស័​យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

សូ​មបញ្ជាក់ថា ទិវាសិទ្ធនារីអន្ដជាតិ៨ មីនា នេះត្រូវបានប្រារព្ធធ្វើឡើងទូទាំងប្រទេស ដើម្បីរំលឹកពីប្រវត្តិនៃការតស៊ូ និងវិរភាពរបស់នារី ដែលបានខិតខំតស៊ូទាមទារ នូវសមធម៌ ដែលនារីបានចូលរួមចំណែកកសាង និងអភិវឌ្ឍជួយប្រទេសជាតិ និងមាតុភូមិយើងកន្លងមក៕