(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងថា អំពើហិង្សាលើស្រ្តីជាអំពើរំលោភសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង​ ទៅលើពួកគាត់ និងកូនៗ បន្សល់ទុកវិបាកជាច្រើន ​តែបើមានសមភាពសមធម៌យេនឌ័រនោះ នឹងនាំឱ្យគ្រួសារមានសុភមង្គល សង្គមជាតិមានភាពរីកចម្រើ»។

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងនេះ គឺនៅក្នុងទិវាអន្តរជាតិ ៨មិនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នារសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧នេះ នៅបញ្ជាការដ្ឋានអង្គរក្ស។

នាយឧត្ដមសេនីយ៍ បានបន្តថា «គ្មានអំពើហឹង្សា មានសមភាពសមធម៌យេនឌ័រ នាំឱ្យគ្រួសារមានសុភមង្គល សង្គមរីកចម្រើន ដើម្បីធ្វើឱ្យសន្តិភាពមានចីរភាព និងទប់ស្កាត់អំពើហឹង្សា នៅក្នុងសង្គមជាតិ ត្រូវរួមគ្នាលប់បំបាត់អំពើហឹង្សាគ្រប់រូបភាព និងរួមគ្នាថែរក្សាវប្បធម៌អហឹង្សា»។ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី គឺជាកត្តារួមចំណែកធ្វើឱ្យមានសន្តិភាពសន្តិសុខ និងវឌ្ឍនភាព ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់កាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយបញ្ហាជម្លោះនានា ដោយសន្តិវិធី​។

​មន្រ្តីការពារជាតិរូបនេះ បានបញ្ជាក់ថា ទិវាអន្តរជាតិ ៨មិនានេះ ធ្វើឡើងក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហឹង្សា ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ឱ្យមានការចូលរួមគ្រប់ស្ថាប័ន រួមទាំងបុរស និងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី។

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានអង្គរក្ស, នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគាំទ្រនូវប្រធានបទ ដែលក្រសួងកិច្ចការនារី សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន រួមទាំងបណ្ដាញផ្សព្វផ្សាយ បានលើកយកមកផ្សាយ ក្នុងឱកាសរំលឹកខួបទី១០៦ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៧។

ប្រមុខអគ្គបញ្ជាការដ្ឋានអង្គរក្ស បានផ្ដាំផ្ញើដល់ស្រ្តីទាំងអស់ ត្រូវបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ចំណេះដឹងបន្ថែមទៀត ជំរុញការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្រ្តី និងរិះរកបញ្ហាប្រឈមសេសសល់ ដើម្បីរៀបចំយុទ្ធសាស្រ្ត និងសកម្មភាពថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ៕