Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃប្រារព្ធពិធីអបអរទិវានារីអន្តរជាតិ០៨មីនា! អគ្គនាយកស៉ីម៉ាក់ លើកឡើងពីវីរភាពរបស់ស្ត្រី លើការងារដោះមីននៅកម្ពុជា

06-03-2017 22:15

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកមជ្ឍមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី០៦ ខែមីនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវានារីអន្តរជាតិ ០៨មីនា ដែលរៀបចំឡើងនៅ កងឯកភាពកម្ចាត់មីន នាខេត្តសៀមរាប ដែលមានការចូលរួមពីបុគ្គលិកស៉ីម៉ាក់ ជានារីចំនួន១១៥នាក់។

ទិវានារីអន្តរជាតិ ០៨មីនា នៅឆ្នាំ២០១៧នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។

ក្នុងឱកាសនោះ លោក ហេង រតនា បានលើកឡើងនូវវីរភាព របស់បងប្អូនស្ត្រីជាអ្នកដោះមីន ដែលបានចូលរួមយ៉ាងសកម្មក្នុង ការងារដោះមីន។ លើសពីនេះ លោកក៏បានលើកយកនូវអនុស្សាវរីយ៍ ដ៏ជូរចត់កាលពីឆ្នាំ២០០៧ ឧបទ្ទវហេតុផ្ទុះគ្រាប់មីន នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបណ្តាលឲ្យបុគ្គលិកស៉ីម៉ាក់ចំនួន៧នាក់ស្លាប់ ក្នុងនោះមាន៣នាក់ជាស្ត្រី។ ប៉ុន្តែបច្ចុប្បន្ន ឃុំតាសែន ត្រូវបានប្រែក្លាយពីកន្លែងចំការមីន ទៅជាតំបន់មានការរីកចំរើនយ៉ាងខ្លាំងក្លា។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានលើកឡើងពីបំណងបង្កើតក្រុមដោះមីននារី ដែលមានសមត្ថភាពខ្លាំងដូចបុរសផងដែរ៕