(ភ្នំពេញ)៖ រថយន្តសាំយ៉ុង១គ្រឿង ប្រញ៉ាប់ទាន់ហន្តវ៉ាជែងជាមួយរថយន្ត១ទៀត តែជាអកុសលវ៉ាមិនផុត ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម១គ្រឿង ដែលកំពុងជិះឌុបគ្នា៣នាក់ បញ្ច្រាស់ទិសគ្នាផងនោះ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ឯបុរស២នាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សឹងមិនទាន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៦ ខែមីនា មុននេះបន្តិច លើកំណាត់ផ្លូវជាតិលេខ៤ មុខបុរីញ៉ូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ សពជនរងគ្រោះមានឈ្មោះ រឿន ផានិត អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃពពែល ឃុំក្រាំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 2P-2720 ចំណែកម៉ូតូរងគ្រោះ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2342 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើតបញ្ច្រាស់គ្នា។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ចំណែករថយន្តបង្កបើកបរ ដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ហើយលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កក៏បានបន្ថែមល្បឿន ដើម្បីវ៉ារថយន្តមួយគ្រឿងទៀត វ៉ាបានបន្តិចក៏ជ្រុលទៅបុកម៉ូតូ ដែលជិះមកនោះចំពីមុខបុកពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរ ២នាក់ទៀត រងបួសធ្ងន់ ចំណែករថយន្ត និងម៉ូតូខូតខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជន ដឹកទៅសង្គ្រោះ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទង ទៅសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក រថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ៕