(បាត់ដំបង)៖ សហគមន៍ប្រជាកសិករដាំដំឡូងមី នៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានការសប្បាយរីករាយឥតឧបមាន លែងបារម្ភពីបញ្ហាគ្មានទីផ្សារទិញដំឡូងមីរបស់ខ្លួន បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគក្នុងស្រុកធំមួយ ឈ្មោះ Goodways Agri Cooperative Limited ជាអ្នកទទួលទិញដំឡូងមីទាំងអស់ ដើម្បីនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងទៀត។

ដំណឹងដ៏ប្រសើរនេះ បានដាស់ក្ដីសង្ឃឹមប្រជាកសិករអ្នកដាំដំឡូងមីឡើងវិញ ក្នុងឱកាសប្រារព្ធទិវាដំឡូងមី នារៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «លើកកម្ពស់ផលិតផលដំឡូងមីកម្ពុជា» នៅទីតាំងរបស់ក្រុមហ៊ុន Goodways ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រាចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទិវាខាងលើ ប្រារព្ធឡើងក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោកស្រី ម៉ម ផានី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ឈរ ម៉ារិទ្ធ នាយកក្រុមហ៊ុន Goodways Agri Cooperative Limitedអភិបាលរងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន តំណាងឯកអគ្គរដ្ឋទូតចិន និងប្រជាកសិករ នៅតាមសហគមន៍នានា ជាង១ពាន់នាក់។

បន្ទាប់ពីលោកឧកញ៉ា ឈរ ម៉ារិទ្ធ បានលើកឡើងថា គោលបំណងរបស់ក្រុមហ៊ុនវិនិយោគរបស់លោក ដើម្បីជួយលើកស្ទួយប្រជាកសិករដាំដំឡូងមី នៅតាមបណ្តាស្រុកនានា និងខេត្តមួយចំនួន ជាប់ប្រទេសថៃ ឲ្យមានជីវភាពធូធារ ចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។

លោក ច័ន្ទ សុផល បានលើកឡើងពីការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងខេត្តបាត់ដំបង មានការរីកចម្រើន ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានគិតគូ និងយកចិត្តទុកដាក់បំផុត ចំពោះប្រជាពលរដ្ឋកន្លងមក។

លោកស្រី ម៉ម ផានី ក៏បានបញ្ជាក់ដែរថា ពីពេលនេះទៅ ដំឡូងមីរបស់កសិករកម្ពុជា លែងជួបការលំបាកទៀតហើយ ដោយក្រុមហ៊ុននេះ មានដៃគូរជាមួយអ្នកទទួលទិញពី ប្រទេសចិនធំជាងគេ និងប្រទេសផ្សេងទៀត នេះជាមោទនភាពមួយដ៏ល្អ សម្រាប់សហគមន៍ដំឡូងមីខ្មែរ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា នេះជាលើកទី១ និងជាប្រវត្តិសាស្រ្ត សម្រាប់ខេត្តបាត់ដំបង ដែលមានគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់លើវិស័យឯកជន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

នៅក្នុងទិវាជាតិដំឡូងមីកម្ពុជានេះដែរ ក៏មានកម្មវិធីផ្តល់រង្វាន់ជា គោយន្តគូប៊ូតា ចំនួន៦គ្រឿង ជូនដល់កសិករឆ្នើម ចំនួន៦នាក់ និងចែករង្វាន់ផ្សេងៗមួយចំនួនទៀត រួចបន្តបើកបញ្ជាគ្រឿងចក្រជានិមត្តរូបផងដែរ៕