(កំពង់ធំ)៖ ដើម្បីអបអរទិវានារីអន្តរជាតិ ៨មីនា លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និង ប្រធានក្រុមការងារស្ត្រី ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានចូលរួមសំណេះសំណាល អប់រំដល់ស្រ្ដីប្រមាណជាង៣០០នាក់ ក្នុងស្រុកសន្ទុក ឲ្យបានយល់ដឹងពីសុខភាព ការសាមគ្គីភាព រវាងគ្នានិងគ្នា និងបានអំពាវនាវឲ្យស្រ្ដីទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ សង្គម និងគ្រួសារ។
ក្នុងឱកាសនោះ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានថ្លែងឲ្យដឹងថា ដើម្បីទទួលបានសិទ្ធិពេញលេញនោះ ដំបូងបង្អស់ស្ត្រីខ្លួនឯងត្រូវស្គាល់សិទ្ធិ និងតួទីខ្លួនជាមុនសិន។ ដើម្បីឲ្យសិទ្ធិដែលមាននេះរឹងមាំ ស្ត្រីគ្រប់រូបត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះជួយយកអាសារគ្នាព្រមទាំង សកម្មចូលរួម ក្នុងការងារសង្គម រួមទាំងការងារនយោបាយ ដោយស្មើភាពជាមួយបុរសផងដែរ។ ក្រៅពីនេះក៏ត្រូវខិតខំ ធ្វើជាម្ដាយដ៏ល្អសម្រាប់កូនៗ និងជាគំរូសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
លោកស្រីបន្តទៀតថា ពេលស្ត្រីគ្រប់រូបមានចំណេះដឹង និងចំណេះធ្វើ ហើយនោះតម្លៃជាស្ត្រី និងសិទ្ធិគ្រប់យ៉ាងនឹងកើតមានព្រមគ្នាដែរ។ នៅក្នុងឱកាសនោះដែរ លោស្រី បានអំពាវនាវឲ្យស្ត្រីចូលរួមអប់រំកូនចៅ ឲ្យចេញឆ្ងាយពីគ្រឿងញៀនផងដែរ និងបានជូនវត្ថុអនុស្សាវរីយ៍ដល់នារី ដែលបានចូលរួម និងវត្ថុអនុស្សាវរីយ៏ជាអំណោយ របស់អង្គការទស្សនពិភពលោក ជូនដល់ស្ត្រី ជានិវត្តជនជាស្ត្រីផងដែរ៕