(បាត់ដំបង)៖ ទិវាដំឡូងមីលើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងអាជ្ញាធរជុំវិញខេត្តបាត់ដំបង មន្ត្រីរាជការ ពាណិជ្ជករ និងកសិករប្រមាណ ៨០០នាក់។
ទិវានេះបាននាំមកនូវការដាក់តាំងបង្ហាញផលិតផលដំឡូងមី និងការប្រឡងប្រណាំងស្នាដៃឆ្នើមឆ្នាំ២០១៧ ដែលមានការចូលរួមពីតំណាងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រជាកសិករមកពីតំបន់នានាក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យដំឡូងមីដែលជាដំណាំអទិភាពទី២ បន្ទាប់ពីវិស័យស្រូវអង្ករជាតិ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំទិវានេះឡើង ក្នុងគោលបំណងលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជា និងជំរុញការនាំចេញ។
«វេទិកានេះ នឹងបង្កើតឱកាសទីផ្សារ តាមរយៈការតភ្ជាប់បណ្តាញទំនាក់ទំនងកសិករ ជាមួយអ្នកកែច្នៃ និងអ្នកនាំចេញពីតំបន់មួយទៅតំបន់មួយឲ្យមានភាពរឹងមាំនិងប្រទាក់ក្រឡា ព្រមទាំងផ្តល់ឱកាសដល់ភាគីទាំងអស់ កំណត់ពីបញ្ហាប្រឈម ផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងទៅវិញទៅមក»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី បានកើនចាប់ពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា ក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន។
ប្រទេសវៀតណាម និងប្រទេសថៃ ជាទីផ្សារដ៏ធំសម្រាប់ផលិតផលដំឡូងមីកម្ពុជា (មើមដំឡូងស្រស់ ចំណិតដំឡូងក្រៀម និងម្សៅដំឡូងមី)។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការបំពេញលក្ខខណ្ឌនានា ដើម្បីជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំជាងគេក្នុងពិភពលោក ដោយសារប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ៕