(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដាស់តឿនទៅដល់ប្រជាពលរដ្ឋខ្មែរថា សុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ នៅទូទាំងប្រទេសកម្ពុជានេះ គឺបានរកមកដោយលំបាកមិនមែនជាការងារស្រួលនោះឡើយ ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សា និងអភិវឌ្ឍន៍ឲ្យបានកាន់តែរីកចម្រើនទៀត។
ការថ្លែងក្រើនរំលឹករបស់សម្តេចនាយករដ្ឋមន្រ្តីពីតម្លៃនៃសន្តិភាពនេះ បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដា នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា បើប្រទេសកើតសង្រ្គាម តើអ្នកទាំងអស់គ្នាមានលទ្ធភាពដើម្បីអភិវឌ្ឍន៍ក្រុមគ្រួសារដែរឬទេ? សម្តេចបានឆ្លើយថា វាលំបាកខ្លាំងណាស់ ពេលប្រទេសមានសង្រ្គាម កុំថាឡើយដល់លទ្ធភាពរៀនសូត្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ «ក្មួយគិតឲ្យច្បាស់អតីតកាលនោះហើយ ដែលនាំក្មួយមកកាន់ បច្ចុប្បន្ន កាលនេះ កាលដែលម្តាយរបស់ក្មួយបង្កើតក្មួយមក ក៏ជារឿងអតីតកាលដែរ ហើយបើសិនក្មួយភ្លេច អតីតកាល វាមិនខុសពីភ្លេចម៉ែខ្លួនឯងនោះទេ។ ឥឡូវនេះ ផែនដីផ្នែកទាំងមូល គ្រប់ដណ្តប់ទៅដោយសន្តិភាព ដោយគ្មានតំបន់អប្បគមន៍ ដូចកាលពីពេលមុននោះទេ ចំណុចនេះ មិនងាយរកទេ ហើយអ្នកខ្លះគិតតែរកការបំបែកបំបាក់ និយាយពីរឿងលាបពណ៍។ ពីព្រោះលំបាកណាស់ទំរាំតែមានថ្ងៃនេះ ដូចសព្វថ្ងៃនេះ ដែនដីកម្ពុជាយើង មានតំបន់ត្រួតត្រាមិនតិចជាង២ក្នុងពេលតែមួយ ក្នុងពេលអតីតកាល មុនឆ្នាំ១៩៩៨»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមឲ្យដឹងថា៖ «មនុស្សណាក៏ដោយ ដែលភ្លេចអតីតកាល វាជាមនុស្សប្រភេទនៃតិរច្ឆានតែម្តង ពីព្រោះវាអត់មាន ស្គាល់ម៉ែឪវាទេ។ ក្មួយៗ ប្អូនៗ បើកើតមិនទាន់ពេលមុននោះទេ សួរឪពុកម្តាយថាសម័យនោះ មានគ្រាប់បែកធ្លាក់វេទនាប៉ុណ្ណាទៅសម័យ ប៉ុល ពត ហើយវេទនាប៉ុណ្ណាទៅដែលប្រទេសនៅសេសសល់ កាលពីពេលមុន យើងត្រូវខិតខំ ប្រឹងប្រែង ឲ្យប្រទេសមានសុខសន្តិភាព» ។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងរំលឹកពីការបែកបាក់នៅក្នុងសង្គមខ្មែរក្នុងប្រវត្តិសាស្រ្ត រហូតដល់ក្រោយបោះឆ្នោតទសវត្សរ៍ឆ្នាំ៩០ ដែលមានប្រទេស តែមួយ មានតំបន់កាន់កាប់ច្រើន។ សម្តេចបានប្រៀបធៀបថា សាមកុកស្រុកចិន គឺមិនខុសពីអតីតកាលរបស់កម្ពុជា នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាពរបស់កម្ពុជា និងរួមគ្នាអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលសុខសន្តិភាពនេះ ឲ្យបានរីកចម្រើនកាន់តែខ្លាំងថែមទៀត៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖