(ព្រះវិហារ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស នៅខេត្តព្រះវិហារថា នាពេលឆាប់ខាងមុខ អគ្គិសនីនឹងរត់ទៅដល់គេហដ្ឋានប្រជាពលរដ្ឋនៅគ្រប់ទិសទី នៅខេត្តព្រះវិហារ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ នៅរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦នេះ។
លោក កែវ រតនៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសម្ដេច បានធ្វើការបញ្ចុះតម្លៃ ចំពោះតម្លៃប្រើប្រាស់អគ្គសនី របស់ប្រជាពលរដ្ឋ ដែលតាមតម្លៃប្រជាពលរដ្ឋក្រីក្រ ១គីឡូវ៉ាត់ ជាង៤០០រៀល ក្រោម១០គីឡូវ៉ាត់ រីឯក្រោម៥០គីឡូវ៉ាត់ តម្លៃជាង៦០០រៀល ចំពោះនៅខេត្តព្រះវិហារនេះ អគ្គិសនីនឹងមានគ្រប់ទីកន្លែង។
លោក កែវ រតនៈ បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ត្រូវធ្វើការសម្របសម្រួល ចំពោះការជីកបង្គោលរបស់អគ្គិសនី ដើម្បឲ្យប្រជាពលរដ្ឋគាត់ បានប្រើប្រាស់ឆាប់រហ័ស។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការអភិវឌ្ឍសព្វថ្ងៃនេះ ស្របនឹងប្រទេសមានសុខសន្តិភាព បើគ្មានសុខសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានជារៀងរហូត ហើយអជ្ញាធរខេត្ត និងជំរុញឲ្យប្រជាពលរដ្ឋក្នុងខេត្តមានបណ្តាញភ្លើងអគ្គិសនី បានប្រើប្រាស់គ្រប់ៗផ្ទះនៅពេលខាងមុខនេះ៕