(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសម្ពោធសមិទ្ធផលមួយចំនួន នៅវត្តបឹងដោល ស្ថិតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលមានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែងផងដែរ។

សមិទ្ធផលដែលត្រូវបើកសម្ពោធនោះ រួមមាន អគារបណ្ណាល័យ កុដិ និងសាលាពុទ្ធិកបឋមសិក្សារតនវិសុទ្ធិ សម្ដេចក្រឡាហោម ស ខេង សាលាបុណ្យ ស្រះទឹក សួនច្បារ បង្គោលភ្លើង របងខ្លោងទ្វារ ព្រះពុទ្ធរូប ខឿនព្រះពោធិ៍ព្រឹក រោងនិងម៉ាស៊ីនភ្លើង រូបសំណាក់សម្ដេចសង្ឃរាជ ជូន ណាត និងពុទ្ធស្ថានក្រោមដើមច្រេស។

កម្មវិធីនេះ ក៏មានព្រះសង្ឃនិមន្តចូលរួមចំនួន ៥០០អង្គ ប្រជាពុទ្ធបរិស័ទ ២ពាន់នាក់ តាជីយាយជី ១០០នាក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ១០០នាក់ យុវជនគណបក្សប្រជាជនកម្ពុជា ចំនួន៥០០នាក់
ព្រមទាំងមានព្រះសង្ឃមកពីបរទេស ចំនួន១០អង្គផងដែរ។

ដោយមើលឃើញពីភាពខ្វះខាតមួយចំនួន ក្នុងវត្តបឹងដោលនេះ លោក ស សុខា បានសន្យាផ្តល់កុំព្យូទ័រចំនួន ៥គ្រឿង អណ្ដូងទឹកចំនួន១ ចាក់ដីចំនួន១០០ឡាន ក្នុងវត្តផងដែរ៕