(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាដៃគូសន្ទនាដ៏ល្អូកល្អិនរបស់លោក សម រង្ស៊ី អតីតប្រមុខបក្សប្រឆាំងនៅកម្ពុជា កាលពីអំឡុងចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នោះ បានថ្លែងថា សម្តេចបានធ្វើកិច្ចការជាច្រើនសម្រាប់ផ្តល់ការអនុគ្រោះឲ្យលោក សម រង្ស៊ី បើទោះបីលោក សម រង្ស៊ី ធ្លាប់បានប្រើពាក្យចងអាឃាត និងអមិត្តជាមួយសម្តេចថា «មានសែន អត់ស៊ី មានស៊ី អត់សែន» ក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានឆ្លៀតបកស្រាយពន្យល់នូវហេតុផលមួយចំនួននាំឲ្យទំនាក់ទំនងរវាងសម្តេច និងលោក សម រង្ស៊ី ប្រមុខបក្សប្រឆាំងទើបបាត់បង់តំណែង ឈានទៅដល់ការប្រេះឆា។ ការពន្យល់បកស្រាយនេះ ដើម្បីឆ្លើយតបមន្ទិលរបស់សាធារណជន ដែលតែងបានលើកឡើងថា ហេតុអ្វីអ្នកនយោបាយខ្មែរចេះតែឈ្លោះទាស់ទែងគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីចំណងទំនាក់ទំនងមួយចំនួន ដែលសម្តេចបានព្យាយាមកសាងឡើងរវាងសម្តេច និងលោក សម រង្ស៊ី រហូតដល់ក្រុមគ្រួសារថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការស្នើសុំព្រះរាជទានទោសម្តងជាពីរម្តងពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីឲ្យលោក សម រង្ស៊ី រួចពីទោសទណ្ឌបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ តែជារឿយៗ លោក សម រង្ស៊ី តែងតែលួចវាយប្រហារសម្តេចតាមរយៈសារនយោបាយសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ម៉េចបានខ្ញុំ និងរង្ស៊ី វាបែកគ្នា! តាមពិតខ្ញុំបានធ្វើកិច្ចការច្រើនណាស់សម្រាប់ រង្ស៊ី ម្តងហើយម្តងទៀត ទោះបី រង្ស៊ី បានប្រើពាក្យថា «មានស៊ី អត់សែន មានសែន អត់ស៊ី»។ តើនៅចាំទេ យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ រង្ស៊ី ជាអ្នកដាក់ចេញយុទ្ធសាស្រ្ត «មានសែន អត់ស៊ី មានស៊ី អត់សែន» ច្បាស់ហើយ នយោបាយនេះអត់ទាន់កែនៅឡើយទេ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នយោបាយ «មានសែន អត់ស៊ី មានស៊ី អត់សែន» របស់លោក សម រង្ស៊ី នៅតែបន្តរហូតមកដល់បច្ចុប្បន្ន។ សម្តេចបានរំលឹកថា នៅឆ្នាំ២០០៨ ពេលលោក សម រង្ស៊ី ចុះពីឡានភ្លាម ក៏បានលើកដៃចង្អុលទៅរូបថតសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងរូបសម្តេច ដោយបានពោលពាក្យដែលគេចាត់ទុកជាការប្រមាថ និងអសីលធម៌ធ្ងន់ធ្ងរថា «អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីមានការប្រមាថបែបនោះក្តី ក៏សម្តេចនៅតែអនុគ្រោះ និងយោគយល់ ហើយបានសុំព្រះរាជទានទោស ពីព្រះមហាក្សត្រឲ្យលោក សម រង្ស៊ី នៅចំថ្ងៃឪពុករបស់សម្តេចព្រឹទ្ធាចារ្យ ហ៊ុន នាង ទទួលមរណភាពថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលចូលស្រុកវិញ និងធ្វើសកម្មភាពនយោបាយត្រៀមប្រកួតប្រជែងការបោះឆ្នោតជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការដឹកដៃលោក សម រង្ស៊ី ទៅលេងអង្គរសង្រ្កាន្តពេលបុណ្យឆ្នាំថ្មីឆ្នាំ២០១៤ រួមទាំងការស្រស់ ស្រូបអាហារួមគ្នាជាលក្ខណៈគ្រួសារ រហូតដល់ការជួបសំណេះសំណាលគ្នានៅប្រទេសម៉ាឡេស៊ីថែមទៀត។ សម្តេចតេជោថា សម្តេចហ៊ានយកកងទ័ពខ្មែរក្រហមចេញពីក្នុងព្រៃ ចូលក្នុងរាជរដ្ឋាភិបាល ហេតុអ្វីក៏សម្តេចមិនអាចអនុគ្រោះឲ្យលោក សម រង្ស៊ី។
បើតាមសម្តេចនាយករដ្ឋមន្រ្តី រឿងល្អក់កកររវាងសម្តេច និងលោក សម រង្ស៊ី ឈានដល់ការប្រេះឆា បានចាប់ផ្តើមចេញពីលោកសម រង្ស៊ី ដែលក្នុងនោះរួមមានទាំងការវាយប្រហារលើក្រុមគ្រួសារសម្តេច ក្រោយការស្រស់ស្រូបអាហាររួមគ្នាជាលក្ខណៈគ្រួសារផងដែរ។ ដោយលោក សម រង្ស៊ី វាយប្រហារសម្តេចនាយករដ្ឋមន្រ្តីតាមរយៈបទសម្ភាសន៍ ដោយហៅការរៀបចំស្រស់ស្រូបអាហារលក្ខណៈគ្រួសារនោះ ក៏ព្រោះតែសម្តេចតេជោ ហ៊ុន សែន ភ័យខ្លាចពីការចាញ់ឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានហៅសម្តីអតីតមេបក្សប្រឆាំងរូបនេះថា ជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរក្នុងឋានៈសម្តេចជានាយករដ្ឋមន្រ្តី និងជាមេដឹកនាំបក្សនយោបាយ កំពុងដឹកនាំប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា ក្រោយការវាយប្រហារនោះលោក សម រង្ស៊ី ក៏បានសុំទោសសម្តេចនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ តែបន្ទាប់ពីនោះតែប៉ុន្មានថ្ងៃ លោក សម រង្ស៊ី ក៏បានយកទឹកដីជប៉ុន វាយប្រហារសម្តេច បន្តទៀត ដោយហៅសម្តេចថា ជាជនផ្តាច់ការ។
រឿងរ៉ាវមួយទៀត ដែលធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខឹងសម្បាលោក សម រង្ស៊ី កាន់តែខ្លាំងថែមទៀតនោះ គឺការចោទប្រកាន់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភរិយា និងកូនប្រុស របស់សម្តេចថា ជាភរិយា និងកូនប្រុសរបស់មេដឹកនាំវៀតណាម លោក ឡេ ឌឹកថូ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗចំពោះលោក សម រង្ស៊ី៖