(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះបានព្រមានធ្ងន់ៗថា នឹងមិនអត់ឱនឱ្យនរណាម្នាក់ ដែលចោទសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ថាជាភរិយានិងជាកូនរបស់ មេដឹកនាំវៀតណាម ឡេ ដឹកថូ នោះឡើយ។ ជាមួយគ្នានេះ សម្តេចបានប្រកាសថ្កោលទោស លោក សម រង្ស៊ី ដែលបានប្រមាថភរិយានិងកូន សម្តេចធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបាន។

ការប្រកាសព្រមានធ្ងន់ៗ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចបានប្រកាសជាថ្មីថា នឹងមិនស្នើលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា អ្នកដែលបានចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំ ឡេដឹក ថូ របស់វៀតណាម ចោទថាកូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ គឺអ្នកមិនរួចខ្លួនទេ មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង។ បើអ្នកឯងមិនធ្វើសកម្មភាពណាមួយឱ្យខ្ញុំពេញចិត្ត ព្រោះនេះជាការប្រមាថធ្ងន់ធ្ងរបំផុត ដែលខ្ញុំមិនអាចទទួលយកបាន»

ទន្ទឹមនឹងការប្រកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា ការនិយាយចោទភរិយា និងកូនសម្តេច ថាជាភរិយា និងជាកូនមេដឹកនាំ វៀតណាម ឡេ ដឹងថូ កើតចេញពីការជំរុញរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលជាអ្នកដាក់ចេញគោលនយោបាយ «មានស៊ី អត់សែន មានសែនអត់ស៊ី»។ សម្តេចអះអាងថា អ្នកទម្លាយរឿងនេះប្រាប់សម្តេច គឺលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលធ្លាប់បានចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមប្រកាសជាសាធារណៈ ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានវ៉ៃបញ្ចូលមកខ្ញុំ ហើយខ្ញុំនឹងឱ្យផ្សាយនៅល្ងាចនេះតែម្តងនូវ Whatsapp អំពីបញ្ហា ម៉ៅ មុនីវណ្ណ»។ សម្តេចថ្លែងថា « ម៉ៅ មុនីវណ្ណ បានវ៉ៃមកឱ្យខ្ញុំ កាលពីពេលនោះថា លោកពូ ខ្ញុំស្តាប់ សម រង្ស៊ី និយាយផ្ទាល់ក្នុងអង្គប្រជុំ រួចហើយបានគេឱ្យគ្នាគេធ្វើ។ ខ្ញុំមិនយោគយល់ទេ ខ្ញុំមិនអនុញ្ញាតទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជោះឱ្យ គណបក្សសង្រ្គោះជាតិ បណ្តេញ លោក ម៉ៅ មុនីវណ្ណ ចេញពីបក្ស ដោយសារតែទម្លាយរឿងនេះ។ សម្តេចថ្លែងថា «ឥឡូវ បើអ្នកឯងចិត្តសឿង ដេញ ម៉ៅ មុនីវណ្ណ ចេញពីបក្សទៅ ! ម៉ៅ មុនីវណ្ណ បានមកទារអាំងប៉ាវពីខ្ញុំ ។ ប្រាប់ទៅវិញក្មួយ មិនទាន់មានអាំងប៉ាវទេ»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងៗ៖