(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៦ ទិវាអន្ដរជាតិនារី៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង។
រដ្ឋមន្ដ្រីម៉ប ប៊ុនហេង ថ្លែងថា «ឆ្នាំនេះទិវាអន្ដរជាតិនារី ៨មីនា ប្រព្រឹត្ដទៅក្រោមប្រធានបទ « ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះប្រធានបទនេះ ព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នោះ បាននឹងកំពុងយកចិត្ដទុកដាក់ជាខ្លាំង ក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា ពិសេសប្រធានបទនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នា បានដឹងពីសមភាពពិតប្រាកដរវាងបុរស និងស្ដ្រី និងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ និងមានសន្ដិភាព»។
រដ្ឋមន្ដ្រីបន្ដថា ជាងនេះទៅទៀត ក្នុងព្រះរាជសារសម្ដេចព្រះមហាក្សតី្រ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជងបិតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្លូរ និងសុភមង្គល ក៏បានរំលេចផងដែរ ពីតម្លៃ នៃសុខសន្ដិភាព ដូច្នេះសុខសន្ដិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះថាមានសុខសន្ដិភាព គឺនឹងមានការអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់ទីកន្លែង។
លោកបន្ថែមថា «ដូច្នេះខ្ញុំសង្ឃឹមថា ប្រធាបទឆ្នាំនេះ នឹងក្រើនរលឹកដល់មន្ដ្រីរាជការក្រសួងសុខាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្ដទុកដាក់អនុវត្ដន៍នូវគោលនយោបាយសមភាពយេនឌ័រ ក្នុងអង្គកាពរបស់ខ្លួន ពិសេសនារីខ្លួនឯង ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសុខសន្ដិភាព និងចូលរួមចំណែកសហការ ក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀត»។
ព្រមជាមួយគ្នានោះ លោកស្រី យក់ សម្បតិ្ដ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងសុខាភិបាល បានថ្លែងផងដែរថា ថ្ងៃ៨មីនា នាឆ្នាំនេះ ធ្វើឡើងដើម្បីរំលឹកពីការតស៊ូ របស់នារី ដែលជាពលករ ទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើគ្នា រវាងបរុស និងស្ដ្រី ម្យា៉ងវិញទៀតក៏ជាការបញ្ជាក់ ពីការចូលរួមរបស់ស្រី្ដ ដែលមិនអាចខ្វះបាន នៅក្នុងសង្គម ពិសេស ការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោកស្រីបន្ដថា «ក្នុងឱកាសនេះតាមនាមឲ្យនារីទាំងអស់ ក្នុងទីស្ដីការក្រសួង ក៏ដូចជានារីមកពីគ្រប់អង្គភាព ថ្នាក់កណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសប្បុរសជនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់នារីយើងខ្ញុំកន្លងមក និងសូមបន្ដជួយគាំទ្រ តទៅទៀត ដើម្បីលើកទិឹកចិត្ដនារី ក្នុងការបំរើសេវាសុខភាពជូនប្រជាពលរដ្ឋ»៕