(ភ្នំពេញ)៖ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានសមាគមស្ត្រី ដើម្បីអភិវឌ្ឍន៍រាជធានី និងជាប្រធានចលនាស្ត្រីរាជធានីភ្នំពេញ បានចូលរួមជាមួយបុគ្គលិកនារីៗ នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
ការប្រារព្ធពិធីនេះ លោកស្រី ម៉ក់ វណ្ណស៊ីថា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ ទី២និងទី៣ ដែលផ្នែកមួយ បានផ្ដោតលើគោលនយោបាយសមភាពយែនឌ័រ ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងដំណើរឆ្ពោះទៅមុខ និងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីសមភាពពិតប្រាកដរវាងបុរស និងស្ត្រី ក៏ដូចជាសុខមាលភាពសង្គម កាត់បន្ថយអំពើហិង្សា ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារ តាមរយៈការអប់រំទូន្មានកូនចៅ ឲ្យបានល្អមិនប្រព្រឹត្តអំពើឧបាយមុខ និងការប្រើហិង្សាគ្រប់រូបភាព។
បន្ថែមលើសពីនេះ អំពើហិង្សាគឺជាឧបសគ្គនៃវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេស អំពើហិង្សាគឺជាការរំលោភសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំង ទៅលើស្ត្រី និងកុមារ។
លោកស្រី មុំ ចាន់ដានី អនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានថ្លែងថា ក្នុងគោលបំណងជួយដល់យុវជន យុវនារី ដែលកំពុងរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្កើតមជ្ឈមណ្ឌលនេះឡើង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦ ដោយមានបុគ្គលិក ៦៧រូប ស្ត្រី២១រូប និងបច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់នៅព្យាបាល ចំនួន ២១២៨នាក់ (ស្រី១៣៤នាក់)។
លោកស្រី ម៉ក់ វណ្ណស៊ីថា បានជូនវត្ថុអនុស្សារីយ៍ជាចំណងដៃដល់ក្មួយៗ ចំនួន១៣៤នាក់ និងបុគ្គលិកចំនួន ២១នាក់ ដោយក្នុងម្នាក់ៗ ថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែក លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានី បានផ្តល់ទឹកក្រូច ចំនួន៩៨កេស ជូនដល់មណ្ឌលផងដែរ៕