(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមាន ការិយាល័យនៅកម្ពុជា បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយ ដល់ការអនុវត្តប្រកប ដោយប្រសិទ្ធភាព នូវការវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន។
តាមរយៈការអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងបរិស្ថាន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃការអនុវត្តការងារ វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាននៅកម្ពុជា ក្រោមអធិបតីភាព លោក សាយ សំអាល់រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក TANAKA Kotaro តំណាងការិយាល័យ JICA ប្រចាំ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ដោយមានភ្ញៀវអញ្ជើញចូលរួមពី JICA និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងបរិស្ថានជាច្រើនរូបទៀត ។
គម្រោងសហប្រតិបត្ដិការបច្ចេកទេសនេះនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំកន្លះ លើតម្រូវការផ្នែកសមត្ថភាពស្ថាប័ន និងសមត្ថភាព បច្ចេកទេសរបស់ក្រសួងបរិស្ថាន ដើម្បីឱ្យអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធាន ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ចំពោះលទ្ធផលរំពឹងទុករបស់គម្រោងនេះគឺ ទី១ ការពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន (GDEP)ដើម្បី សម្រេចបាននូវភារកិច្ចរបស់ខ្លួន និងទី២ ការបង្កើត ការកែលម្អ និងការចែករំលែកទៅដល់អ្នកពាក់ព័ន្ធនូវឯកសារច្បាប់ បច្ចេកទេស និងនីតិវិធីនានាពាក់ព័ន្ធ នឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន៕