(ភ្នំពេញ)៖ ករណីម្ចាស់រថយន្តទំនើងបើករថយន្តបញ្ច្រាសទិសចរាចរ ហើយអ្នកបើករថយន្តស្របទិសចរាចរឃើញក៏ចុចស៊ីប្ល៉េ ផ្ដល់ជាសញ្ញាខ្លាចប៉ះគ្នា ក៏ត្រូវអ្នកបើរថយន្ត ទំនើងបើកបកក្រោយដេញវាយពេញតែផ្លូវ រហូតបើកទៅដល់កន្លែងសមត្ថកិច្ចយាម ហើយក៏រូបគេមិនខ្លាចនៅតែតាមវាយទៀតនោះ ឥឡូវរឿងរ៉ាវខាងលើកំពុងធ្វើឲ្យមហាជនដែលមើលឃើញទិដ្ឋភាពផ្ទាល់ ក៏ដូចឃើញរូបភាព និងសកម្មភាពយ៉ាងសាហាវ តាមវីដេអូឃ្លិបដែលថតបានដោយម្ចាស់រថយន្តរងគ្រោះ នាំគ្នាបញ្ចេញប្រតិកម្ម និងទាមទារឲ្យសមត្ថកិច្ចចាត់ការរឿងនេះឲ្យបានលឿនបំផុត ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីរងគ្រោះ ក៏ដូចជួយលប់បំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គមផងដែរ។ 

ករណីម្ចាស់រថយន្តទំនើងបើករថយ​ន្តបញ្ច្រាសទិសហើយ បើកដេញវាយរថយន្តគេឲ្យរងនូវការខូចខាតយ៉ាងសាហាវខាងលើនេះ មិនត្រឹមតែប្រជាពលរដ្ឋនាំគ្នារិះគន់នោះទេ សូម្បីតែលោក ស សុខា អ្នកតំណាងរាស្ត្រខេត្តព្រៃវែងវ័យក្មេងជាងគេ ក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយលោកសូមឲ្យសមត្ថកិច្ចប្រចាំដែនដីនៅកន្លែងកើតហេតុ ជួយមានវិធានការតាមច្បាប់ផង ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីរងគ្រោះ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចំណុចមុខមន្ទីរពេទ្យកុមារជាតិ។ យោងតាមរូបភាពក្នុងវីដេអូឃ្លីប ដែលថតបានដោយកាម៉េរាសុវត្ថិភាពនៅក្នុងរថយន្តភាគីរងគ្រោះ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១០៖០៨នាទី រថយន្តភាគីរងគ្រោះដែលដឹកប្រពន្ធ និងកូនតូច ធំ (ស្ដាប់តាមសំោឡេង) ពេញក្នុងរថយន្តនោះ បានបើកតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់មុខមន្ទីរពេទ្យកុមារជាតិ ដែលជាផ្លូវឯកទិស ព្រោះមានរបាំងថ្មពុះចែកទ្រូងផ្លូវ ស្រាប់តែគេឃើញរថយន្តម៉ាក Ford ពីរបាំងពណ៌សមួយគ្រឿង បើកបញ្ច្រាសក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ ពេលឃើញរថយន្តបើកបញ្ច្រាសទិសចរាចរយ៉ាងលឿនមកពីមុខដូច្នេះ ភាគីរថយន្តរងគ្រោះក៏បានចុចស៊ីផ្លេរន្ធើនជាសញ្ញា ព្រោះខ្លាចបុកគ្នា។ ពេលឃើញភាគីរថយន្តរងគ្រោះចុចស៊ីផ្លេឮខ្លាំងៗ ស្រាប់តែម្ចាស់រថយន្តបង្កក៏បើកបកក្រោយវិញដេញតាមរថយន្តរងគ្រោះ រហូតដល់លើស្ពានអាកាស៥មករា ប៉ែកខាងកើត ក៏តាមទាន់ហើយកៀរថយន្តរងគ្រោះឲ្យអែបខាង។

ចំណែកភាគីរថយន្តរងគ្រោះពេលឃើញដូច្នេះ ខ្លាចមានរឿងវែងឆ្ងាយ ក៏ចុចកញ្ចក់រថយន្តចុះ ហើយស្រែកសុំទោសភាគីរថយន្តបង្ក តែភាគីបង្កមិនបានយកត្រចៀកស្ដាប់ការអង្វរសុំទោសនោះទេ ហើយបានយកដែកវែងវាយទៅលើកញ្ចក់រថយន្តជនរងគ្រោះ បណ្ដាលឲ្យបែកហើយ ទើបបើកទៅមុខទៀត ហើយជនរងគ្រោះក៏បើកដេញតាម បើទោះជាប្រពន្ធអង្វរកុំឲ្យដេញតាមខ្លាចមានគ្រោះថ្នាក់ក៏ដោយ។ ចំណែករថយន្តបង្កក៏បើកបង្ហួសមកមុខដល់ស្តុបក្លោងទ្វារវត្តនាគវ័ន្ត ក៏បត់ឆ្វេង ហើយរថយន្តរងគ្រោះបានបើកទាន់នឹងវ៉ាទៅមុខ ហើយបត់ឆ្វេងតាមផ្លូវលេខ១១៨ ឆ្ពោះទៅកើត ដោយពេលនោះគេឃើញរថយន្តបង្កបើកដេញតាមវិញម្ដង។

លុះបើកទៅដល់ផ្លូវនេរុហ៍ ភាគីរងគ្រោះក៏បានបើកចូលទៅកាន់ច្រកទ្វារដេអិន ដែលមានកម្លាំងទាហានយាមនៅទីនោះ ដើម្បីឲ្យជួយអន្តរាគមន៍ តែភាគីរថយន្តបង្កមិនខ្លាចញញើតអ្វីឡើយ គឺបើកដេញតាមទៅដល់ ក៏ចុះពីរថយន្តយកដែកទៅវាយបំបែកកញ្ចក់ខាងក្រោយបន្ថែមទៀត រួចហើយទើបបើករថយន្តគេចបាត់ទៅ។ តាមភាគីជនរងគ្រោះ និងសាក្សីនៅកន្លែងកើតហេតុបានអះអាងថា រថយន្តបង្កម៉ាក Ford ពណ៌ស ប្រភេទ Pickup ពាក់ស្លាកលេខ ភ្នំពេញ 2AN-3591 ផលិតឆ្នាំ២០១៧។ ក្នុងនោះបើយោងតាមឯកសារនៅកន្លែងផ្ដល់ស្លាកលេខ បានបង្ហាញឲ្យដឹងថា ម្ចាស់រថយន្តខាងលើមានឈ្មោះ ជា ធាវី ភេទប្រុស សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ពាក់ព័ន្ធករណីនេះ បើតាមការអះអាងពីភាគីម្ចាស់រថយន្តរងគ្រោះឈ្មោះ សីហា ជិះរថយន្តលុច្សស៊ីស ស៊េរី400h បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃត្រង់ ថ្ងៃទី០៦ ខែមីនា​ នេះថាពាក់ព័ន្ធជនបង្កតាមវាយរថយន្តរបស់លោកនោះ គឺលោកបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ កាលពីថ្ងៃទី០៥ ខែមីនា​ តែរហូតមកដល់ពេលនេះ លោកនៅមិនទាន់ដឹងថា សមត្ថកិច្ចមានចំណាត់ការដល់ណាហើយនោះទេ។ ចំណែកភាគីបង្កដែលយោងតាមឯកសារនៅកន្លែងផ្ដល់ស្លាកលេខ មានលេខទូរស័ព្ទក្បាល ០៨៨ ដែរនោះ ពេល Fresh News ព្យាយាមទូរស័ព្ទទៅសួរនាំពាក់ព័ន្ធករណីខាងលើ គឺខាងក្រុមហ៊ុនទូរស័ព្ទឆ្លើយតបថា លេខនេះមិនមានប្រើប្រាស់នៅក្នុងប្រព័ន្ធនោះឡើយ។

មហាជនដែលឃើញសកម្មភាពនៅនឹងកន្លែងកើតហេតុ ក៏ដូចអ្នកឃើញរូបភាពក្នុងវីដេអូឃ្លីប បាននាំគ្នារិះគន់ទៅលើទង្វើភាគីម្ចាស់រថយន្តបង្កថា សម័យនេះហើយនៅមានមនុស្សចរិតអញ្ចឹងទៀត ពិតជាសាហាវមែន.! ករណីនេះ បើសមត្ថកិច្ចមិនចាត់ការចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ទេ ថ្ងៃក្រោយច្បាស់ជាមានមនុស្សធុននេះកើតឡើងមិនតិចនោះទេ។ ក្នុងនោះអ្នកខ្លះបានលើកឡើងថា សមត្ថកិច្ចគួរតែចាត់ការជនបង្កឲ្យលឿនទៅ កុំទុកឲ្យរួចខ្លួនឲ្យសោះ ព្រោះអត្តសញ្ញាណមានអស់ហើយ កុំទុកចាំទាល់តែសម្ដេចនាយករដ្ឋមន្ត្រីស្រែកបញ្ជា ទើបនាំគ្នាតាមចាប់នោះ វាមិនល្អមើលទេ៕