(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅបណ្ឌិត្យសភានគរបាលកម្ពុជា (ដីឥដ្ឋ) មានរៀបចំកិច្ចប្រជុំវាយតម្លៃលក្ខណសម្បត្តិ និងស្នាដៃរបស់ថ្នាក់ដឹកនាំនគរបាលជាតិជាន់ខ្ពស់ចំនួន ១៣រូប ដើម្បីផ្តល់សញ្ញាបត្របណ្ឌិតកិត្តយស ជំនាញសន្តិសុខ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងក្នុងអង្គប្រជុំនោះ លោកបណ្ឌិត បានលើកឡើងថា ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនគរបាលជាតិជាន់ខ្ពស់ ដែលមានបទពិសោធន៍ និង ស្នាដៃ ក្នុងការបម្រើជាតិក្នុងវិស័យសន្តិសុខ អស់រយៈជាច្រើនឆ្នាំមកហើយ។

លោក សេង ផល្លី បានគូសបញ្ជាក់ថា ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តយសត្រូវបានធ្វើឡើងជាលើកទី១ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា មានលក្ខណសម្បត្តិគ្រប់គ្រាន់ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស ក្នុងការចេញសញ្ញាបត្របណ្ឌិតកិត្តយសនេះ។

លោកបានបញ្ជាក់បន្ថែមថា បេក្ខជនបណ្ឌិតកិត្តិយសម្នាក់ៗ ដែលអាចទទួលជ័យលាភីបាន លុះត្រាតែទទួលបានសំឡេងគាំទ្រ តាមមតិភាគច្រើន ២/៣ (ពីរភាគបី) នៃសមាជិកគណៈកម្មការវាយតម្លៃលក្ខណសម្បត្តិនិងស្នាដៃបេក្ខជនបណ្ឌិតកិត្តិយស ដែលមានសមាសភាពបណ្ឌិតចំនួន ១៨រូបមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ  តាមរយៈការវាយតម្លៃត្រឹមត្រូវនឹងច្បាស់លាស់លើបទពិសោធន៍និងស្នាដៃបេក្ខជនម្នាក់ៗ ដោយផ្អែកលើលក្ខណវិនិច្ឆ័យដែលបានកំណត់៕