(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទោះបីកិច្ចប្រជុំអាស៊ី-អឺរ៉ុប ហៅកាត់ ASEM សម្រេចបានវឌ្ឍនភាពមួយចំនួនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកក្តី តែកិច្ចប្រជុំនេះកំពុងប្រឈមបញ្ហា ចំនួន៣ផ្សេងទៀត ទាមទារឲ្យដោះស្រាយជាចាំបាច់។

ការបង្ហាញពីបញ្ហាប្រឈមរបស់ ASEM នេះ បានធ្វើឡើងក្នុងពេលលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមប្រារព្ធ ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day)។ ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នេះបានធ្វើឡើងក្រោមប្រធានបទ «កិច្ចប្រជុំអាស៊ី-អឺរ៉ុបក្នុងទសវត្សរ៍ទី៣» រៀបចំ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិអាស៊ី-អឺរ៉ុប (Asia-Europe Foundation-ASEF)។

លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ASEM បានដើរតួយ៉ាងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការជាដៃគូរវាងតំបន់អាស៊ី និងតំបន់អឺរ៉ុប ក្នុងកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តីបានបន្តថា ASEM បានពង្រីកចំនួនសមាជិករបស់ខ្លួនពី ២៦នៅឆ្នាំ១៩៩៦ រហូតដល់ ៥៣នាពេលបច្ចុប្បន្ន ដែលបានធ្វើឲ្យសេដ្ឋកិច្ច ASEM ទាំងមូល គ្របដណ្តប់ជាង ៥0ភាគរយ នៃGDP សរុបរបស់ពិភពលោក និងជាង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានប្រជាជនសរុបជិត ៦០ភាគរយនៃចំនួនប្រជាជនសកលលោក។ កត្តាទាំងអស់នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទាក់ទាញនិងសារៈសំខាន់នៃASEM និងបានជំរុញអោយប្រទេស ជាច្រើនទៀត ជាពិសេសនៅតំបន់អឺរ៉ុប សំដែងពីបំណងសុំចូលជាសមាជិក ASEM បន្តបន្ទាប់ផងដែរ។

«ASEM បានក្លាយជាវេទិកាមួយសម្រាប់ប្រទេសសមាជិកផ្លាស់ប្តូរទស្សនៈ និងជំរុញគោលនយោបាយរួមគ្នា ក្នុងរូបភាពបើកចំហ និងទូលំទូលាយប្រកបដោយន័យស្ថាបនា និងការគោរពគ្នាទៅវិញទៅមក សំដៅរួមចំណែក ពិភាក្សាស្វែងរក ដំណោះស្រាយលើការប្រឈម សកលចម្បងៗនាពេលបច្ចុប្បន្ន ដូចជាបញ្ហាសន្តិសុខតាមតំបន់ អាវុធប្រល័យលោក ភេរវកម្ម លំហូរជនចំណាកស្រុក  ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កំណែទម្រង់អង្គការសហប្រជាជាតិ ពាណិជ្ជកម្ម បើកទូលាយ សមាហរណកម្មសេដ្ឋកិច្ច ។ល។» លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់បន្ថែម។

លោក ប្រាក់ សុខុន បានរំលឹកដែរថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី កាលពីខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយមេដឹកនាំប្រទេសផ្សេងទៀត ដោយស្មើភាពគ្នាអំពីសារៈសំខាន់ នៃការរួមគ្នាដោះស្រាយការប្រឈមថ្នាក់តំបន់ និងសកល ដូចជា ការតភ្ជាប់នៃតំបន់អាស៊ី-អឺរ៉ុប ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ទេសន្តរប្រវេសន៍ ការប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម។ល។

បើទោះបី ASEM មានវឌ្ឍនភាពច្រើនយ៉ាងណាក្តី តែក៏កំពុងប្រឈមនូវបញ្ហាមួយចំនួនទៀត ទាមទារឲ្យមានការដោះស្រាយជាបន្ទាប់។ បើតាមលោក ប្រាក់ សុខុន បញ្ហាដែល ASEM កំពុងជួបប្រទះ និងត្រូវបន្តដោះស្រាយក្នុងទសវត្សរ៍ទី៣របស់ខ្លួនរួមមាន៖

ទី១៖ ASEM ពុំទាន់សម្រេចបាននូវលទ្ធផលជាក់ស្តែង ជាដុំកំភួននៅឡើយក្នុងការដោះស្រាយ ការប្រឈមថ្នាក់តំបន់ និង សកល។ ដើម្បីជៀសវាងការរិះគន់ថាASEMគ្រាន់ជាវេទិកាសន្ទនាគ្មានលទ្ធផល (Talk Shop)  លោក យល់ថា ASEM ត្រូវដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង សំដៅរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យដែល ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីដោះស្រាយការប្រឈមរួម ដូចជា ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍដោយចីរភាព ទេសន្តប្រវេសន៍ អំពើភេវរកម្ម។

ទី២៖ ការតភ្ជាប់(Connectivity)នៅបន្តជាប្រធានបទស្នូលសម្រាប់អនាគតរបស់ ASEM ព្រោះកង្វះការតភ្ជាប់ នឹង ជះឥទ្ធិពល ដល់ការទាញយកសក្តានុពលពេញលេញ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងតំបន់ទាំងពីរ។ ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ស្ថាប័ន ព្រមទាំងប្រជាជននិងប្រជាជនរវាងតំបន់ទាំងពីរ មិនត្រឹមតែជួយពង្រឹង ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់តំបន់ទាំងពីរទេ ប៉ុន្តែវានឹងផ្តល់នូវសន្ទុះថ្មីមួយទៀតដល់ការ អភិវឌ្ឍនិងកំណើនប្រកបដោយ ចីរភាពនៅលើពិភពលោកផងដែរ។ កន្លងមក សមាជិក របស់ASEMមួយចំនួនបានបង្កើតរួចហើយ និងកំពុងអនុវត្តនូវ ផែនការនៃការតភ្ជាប់រៀងៗ ខ្លួន ដូចជា ទីផ្សាររួមរបស់សហភាពអឺរ៉ុប ផែនការមេសម្រាប់ការតភ្ជាប់របស់អាស៊ាន គំនិតផ្តួចផ្តើមវិថីមួយ-ខ្សែក្រវ៉ាត់មួយរបស់ចិន ។ល។ ដូច្នេះ តាមរយៈការប្រមូលផ្តុំជំនាញ ចំណេះធ្វើ និងបទពិសោធន៍ ខាងលើ ASEMអាចបង្កើតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់តម្លៃបន្ថែម (added value) តាមរយៈរៀបចំជាគម្រោង ជាក់លាក់លើការតភ្ជាប់នេះ។ ប៉ុន្តែ ស្របពេលនឹងការខិតខំទាញយក ប្រយោជន៍ដ៏ សន្ធឹកសន្ធាប់ពីការតភ្ជាប់ដូចបាន រៀបរាប់ខាងលើ យើងក៏គួរយកចិត្តទុកដាក់ផងដែរលើការពង្រឹងប្រព័ន្ធសន្តិសុខ សំដៅទប់ស្កាត់និងការពារហានិភ័យ កើតចេញពីការតភ្ជាប់គ្នាទាំងនោះ មកលើប្រជាជននិងប្រទេសជាតិ ដូចជាជំងឺឆ្លង អំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ។ល។

ទី៣៖ ការយល់ដឹងអំពីដំណើរការASEM នៅមានកម្រឹតក្នុងចំណោមប្រជាជនទូទៅ។ ជាក់ស្តែង យើងទទួលស្គាល់ថា ប្រជាជននៅប្រទេសកម្ពុជាពុំទាន់មានការយល់ដឹង អោយបានទូលំទូលាយអំពីដំណើរASEMនេះទេ។ ដូច្នេះ យើងត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយលើកកំពស់ការយល់ដឹងនេះ តាមរយៈការចែករំលែកព័ត៌មាន សិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ ដូចអ្វីដែលយើងកំពុងរៀបចំនៅពេលនេះ។

យើងក៏ត្រូវ រៀបចំវេទិកាទាំងនោះអោយចំគោលដៅ ដោយអោយមានការចូលរួមកាន់តែទូលំទូលាយបន្ថែមទៀត ពីសំណាក់យុវជន សាកលវិទ្យាល័យ ស្ថាប័ននីតិបញ្ញតិ្ត ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ដែលតួអង្គទាំងនេះពិតជា នឹងរួមចំណែកពង្រីកនិងធ្វើអោយដំណើរការASEM កាន់តែសម្បូរបែបនិងរស់រវើក។

ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ក្នុងការលើកកម្ពស់ការ យល់ដឹងពីគ្នា ទៅវិញទៅមកអោយបានទូលំទូលាយរវាងអាស៊ីនិងអឺរ៉ុប តាមរយៈការផ្លាស់ប្តូរបញ្ញាវ័ន្ត វប្បធម៌ ព្រមទាំងប្រជាជននិងប្រជាជន ចាប់តាំងពីឆ្នាំ១៩៩៧មក។ នាពេលបន្តិចទៀតខាងមុខនេះ ឯកអគ្គរដ្ឋទូត Karsten WARNECKE នឹងធ្វើបទបង្ហាញស្តីពីសកម្មភាពលម្អិតរបស់មូលនិធិអាស៊ី-អឺរ៉ុប៕