(កំពង់ចាម)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានបញ្ចប់បេសកកម្មក្នុងក្រុងកំពង់ចាម ដោយបានជួយសម្អាតផ្លូវក្នុងក្រុងបាន២០ខ្សែ រយៈពេល១៨ថ្ងៃ ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧។
លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាម បានថ្លែងថា «អាជ្ញាធរក្រុង និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម សូមថ្លែងអំណរគុណដល់ស្រាបៀរកម្ពុជា ដែលបានចូលរួមសម្អាតផ្លូវក្នុងក្រុង»។
លោក សែម ច័ន្ទរស្មី អាជីវករក្នុងក្រុងកំពង់ចាម បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្តពេលឃើញឡានពីរគ្រឿងហ្នឹងមកសម្អាតផ្លូវ។ ខ្ញុំគិតថា វាល្អមែនទែន ព្រោះវាជួយឲ្យផ្លូវថ្នល់យើងស្អាត បរិស្ថានល្អ»។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ការសម្អាតបរិស្ថានគឺជាកាព្វកិច្ចរបស់យើងទាំងអស់គ្នា ដូច្នេះការសម្អាតផ្លូវក្នុងក្រុងកំពង់ចាមនេះ គ្រាន់តែជាការរួមចំណែកបន្តិចបន្តួចរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុនពិតជាមានកិត្តិយស ដែលបានចូលរួមលើកសម្រស់ក្រុងកំពង់ចាម»។
ក្រោមយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុនខ្មែរប៊ែវើរីជីស គ្រោងនឹងបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងរបស់ខ្លូន ទៅជួយសម្អាតផ្លូវនៅគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជារយៈពេលពេញមួយឆ្នាំ ដោយសហការណ៍ជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា៕