(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មិនា ឆ្នាំ២០១៧ ក្នុងខួបលើកទី១០៦ ស្ថិតក្នុងសាលប្រជុំអាគារA នៃសាលាខណ្ឌឫស្សីកែវ ដោយផ្ដោតសំខាន់ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។
ពិធីនេះ ក៏មានការចូលរួមពីលោកស្រី ទូច សារ៉ុម អនុប្រធានការងារថ្នាក់ជាតិចុះជួយរដ្ឋបាលខណ្ឌឫស្សីកែវ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានសមាគមនារីរាជធានីភ្នំពេញ និងអភិបាលរង
រាជធានីភ្នំពេញ លោកស្រី កែវ ពិសី ប្រធានក្រុមប្រឹក្សាខណ្ឌលោក វ៉ាន់ សាលី រួមនិងលោក លោកស្រីជាមន្ត្រីរាជការ ការិយាល័យជំនាញជុំវិញខណ្ឌ និងនគរបាល-អាវុធហត្ថខណ្ឌ ជាង៨០នាក់ផងដែរ ។
ការប្រារពពិធី ដើម្បីអបអរសាទរ ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ០៨ មិនា ក្រោមប្រធានបទ«ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»នេះដែរលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី១-ទី២-និងទី៣ ដោយផ្នែកមួយផ្ដោតទៅលើគោលនយោបាយសមភាព«យែនឌ័រ» ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិក្នុងដំណើរឆ្ពោះទៅមុខនិងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីសមភាពពិតប្រាកដរវាងបុរស និងស្ត្រីក៍ដូចជាសុខមាលភាពសង្គម កាត់បន្ថយអំពើហិង្សាដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី ជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារតាមរយៈ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិនប្រព្រឹត្តអំពើ ឧបាយមុខនិងការប្រើហិង្សា គ្រប់រូបភាព។
បន្ថែមពីនេះ អំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាគឺជាការរំលោភសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកុមារ។
ម្យ៉ាងទៀតការលំហូរចូលនូវវប្បធម៌បរទេស បច្ចេកវិជ្ជាពត៌មាន បាននាំមកនូវរូបភាពផ្សេងៗ នៃអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ថវៈ និងប្រើប្រាស់គ្រឿងញៀន ដែលអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។
លោក ជា ពិសី បានលើកឡើងទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលការយកតម្លៃសេវាមួយចំនួន ទាក់ទងនិងសេវារដ្ឋបាលសាធារណៈ(អាត្រានូកូលដ្ឋាន)គឺផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជី និងបណ្ដាញសង្គមទំនើបជាដើម ហើយបញ្ហាដែលនៅសេសសល់ តម្រូវឲ្យអង្គភាព ពាក់ព័ន្ធទាំងអស់ និងដៃគូរអភិវឌ្ឍន៍រួមគ្នាអនុវត្តបន្តទៀតឲ្យកាន់តែមានភាពប្រសើរឡើង ព្រមទាំងបន្តការគាំទ្រ និងប្រែក្លាយខ្លឹមសារនៃប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ដើម្បីឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាមួយគ្នានោះ លោក ជា ពិសី និងលោកស្រី អាន ផល្លា ក៏បានប្រគល់វត្ថុអនុស្សារីយ៍ជាចំណងដៃ ដល់មន្ត្រីថ្នាក់ក្រោម ចំនួន៨២នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ប៉ាក់១ដុំ និងថវិកា២ម៉ឺនរៀល ៕